ព័ត៌មានអន្តរជាតិ

យោធារុស្ស៊ី វាយប្រហារពីអាកាស ទៅលើទីតាំងផលិតយន្តហោះ គ្មានមនុស្សបើក និងឃ្លាំងអាវុធ របស់អ៊ុយក្រែន

RT News

បរទេស៖ ក្រសួងការពារជាតិ នៅទីក្រុងមូស្គូបាននិយាយ នៅក្នុងសន្និសីទ សារព័ត៌មាន ប្រចាំថ្ងៃរបស់ខ្លួន កាលពីថ្ងៃអង្គារថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហាររួមគ្នា មួយសំដៅទៅលើរោងចក្រ ផលិតយន្តហោះគ្មានមនុស្សបើក និងរ៉ាដារបស់អ៊ុយក្រែន ក៏ដូចជាឃ្លាំងអាវុធ និង កន្លែងផ្ទុកឧបករណ៍ផ្សេងទៀត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា បញ្ជីគោលដៅវាយប្រហារ ក៏រួមបញ្ចូលកន្លែងផ្ទុកយន្តហោះ គ្មានមនុស្សបើក និងទីតាំងបាញ់បង្ហោះ ក៏ដូចជាទីតាំងរបស់ទាហានអ៊ុយក្រែន និងទាហានស៊ីឈ្នួល បរទេសផងដែរ ។ ក្រសួងបាននិយាយថា ទីតាំងសរុបចំនួន ១៤២ ត្រូវបានវាយប្រហារ ក្នុងអំឡុងពេលប្រតិបត្តិការ ដែលពាក់ព័ន្ធ ទាំងការវាយប្រហារដោយមីស៊ីល និងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក។

ការវាយប្រហារនេះបានកើតឡើង ពីរថ្ងៃបន្ទាប់ពីការ វាយប្រហាររបស់អ៊ុយក្រែន ទៅលើអាកាសយានដ្ឋាន យោធានៅក្នុងតំបន់ចំនួន ៥ របស់រុស្ស៊ី នៅទូទាំងប្រទេសរួមទាំងនៅស៊ីបេរី និងចុងបូព៌ា ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានពណ៌នាអំពីការវាយប្រហារទៅលើរុស្ស៊ីថា ជាផ្នែក នៃប្រតិបត្តិការ “ប្រវត្តិសាស្ត្រ” ដោយអះអាងថា ពួកគេបានបង្កការខូចខាត យ៉ាងធំធេងដល់ “ផ្នែកអាកាស ជាយុទ្ធសាស្ត្រ” របស់រុស្ស៊ី។

ក្រសួងការពារជាតិរុស្ស៊ី បានអះអាង ពីការវាយប្រហារនេះ ប៉ុន្តែបាននិយាយថា ការវាយប្រហារទាំងបីត្រូវ បានបាញ់ស្ទាក់ទៅវិញ ដោយជោគជ័យ ដោយមិនបណ្តាលឱ្យមានការខូចខាត ឬរងគ្រោះថ្នាក់ឡើយ ខណៈដែលយន្តហោះ មួយចំនួន បានផ្ទុះឆេះ ។ ក្រសួងមិនបានបញ្ជាក់ជាផ្លូវការ ពីការបាត់បង់យន្ត ហោះក្នុងចំនួនណាមួយឡើយ។

ការថ្លែងនេះបានកើតឡើងខណៈកងកម្លាំងរុស្ស៊ីបន្តប្រតិបត្តិការ វាយលុកនៅតាមខ្សែជួរមុខទាំងមូល។ កងទ័ពរុស្ស៊ីបានរក្សាគំនិតផ្តួចផ្តើមនៅលើសមរភូមិអស់រយៈពេលជាច្រើនខែ។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ យោធារុស្ស៊ី បានកាន់កាប់ភូមិ Andreevka ក្នុងតំបន់ Sumy ។ កងកម្លាំងអ៊ុយក្រែន ត្រូវបានគេរាយការណ៍ថា បានបាត់បង់ទាហានជាង ១៥០០ នាក់​ នៅទូទាំងផ្នែកផ្សេងៗ នៃរណសិរ្សរួមជាមួយនឹង បំណែកកាំភ្លើងធំជាច្រើន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top