ព័ត៌មានជាតិ

លោក ប៉ែន បូណា៖ តួនាទីអ្នកនាំពាក្យត្រូវបកស្រាយ ចំពោះព័ត៌មានក្លែងក្លាយ

ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានលើកឡើងថា តួនាទីរបស់អ្នកនាំពាក្យ គឺមិនត្រូវទុកឲ្យព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ញុះញង់ ចូលមកបំពុលសង្គម ដោយមិនបានបកស្រាយជូនប្រជាពលរដ្ឋ ឲ្យបានយល់ច្បាស់នោះទេ។

លោក ប៉ែន បូណា បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញជាគណៈអធិបតី និងជាវាគ្មិនក្នុងសិក្ខាសាលាតម្រង់ទិសស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅសាលាខេត្តប៉ៃលិនកាលពីពេលថ្មីៗថា រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធនានាស្វាគមន៍រាល់ការរិះគន់បែបស្ថាបនា ដោយទទួលយកមតិរិះគន់ពីសាធារណជន ដែលមានបំណងល្អ ក្នុងការចូលរួមចំណែកជួយកែលម្អនូវចំណុចខ្វះខាតរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ ។

លោកបន្តថា ជាធម្មតារាជរដ្ឋាភិបាលអភិវឌ្ឍន៍អ្វីមួយ ក៏ដូចជាការដឹកនាំកសាងប្រទេសតែងតែ មានចន្លោះប្រហោងហើយ ជៀសមិនផុតនោះទេ ពីការរិះគន់ ។

លោក ប៉ែន បូណា បញ្ជាក់ថា រាជរដ្ឋាភិបាលមិនដែលបដិសេធរាល់សំណូមពរ របស់ប្រជាពលរដ្ឋនោះទេ គឺទទួលយកមកដោះស្រាយជូនពួកគាត់វិញ ។ នេះហើយគឺជាកិច្ចការដែលរាជរដ្ឋាភិបាល និងអាជ្ញាធរបាន ខិតខំប្រឹងប្រែងស្ទុះស្ទា ដើម្បីបំពេញលក្ខខណ្ឌ និងតម្រូវចិត្តរបស់ពលរដ្ឋ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា “ប៉ុន្តែបងប្អូនយើងត្រូវចាំរឿងមួយ យើងមិនត្រូវទុកបណ្តោយឲ្យព័ត៌មានមិនពិត ប្រឌិត បំផ្លើសបំភ្លៃ ចូលមកបំពុលសង្គមរបស់យើង ដែលយើងមិនបានបកស្រាយឲ្យ ប្រជាពលរដ្ឋបានដឹងជាដាច់ខាត”។

លោកថា នេះគឺជាកិច្ចការងារដ៏សំខាន់របស់អ្នកនាំពាក្យ និងអាជ្ញាធរក្នុងការឆ្លើតបបកស្រាយបំភ្លឺ ការពិតដល់ពលរដ្ឋជាអ្នកតាមដានព័ត៌មាន ៕

To Top