បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង បានសម្រេចទៅដល់ការបញ្ឈប់ ការផ្សាយតាមឧបករណ៍បំពងសម្លេងតាមព្រំដែនរបស់ខ្លួន ហើយគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះពោល គឺមួយថ្ងៃបន្ទាប់ពីទីក្រុងសេអ៊ូល បានផ្អាកយុទ្ធនាការបំពង សម្លេងរបស់ខ្លួនដែរ ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung ដែលចូលកាន់ តំណែងក្នុងសប្តាហ៍នេះ បានបញ្ជាឱ្យយោធាផ្អាក ការផ្សាយតាមប្រព័ន្ធបំពង សម្លេងកាលពីថ្ងៃពុធ ក្នុងសកម្មភាព មួយក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង និងបើកការសន្ទនាឡើងវិញ ជាមួយទីក្រុងព្យុងយ៉ាង ។
យោងតាមអ្នកនាំពាក្យអគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង លោកLee Sung-Jun បាននិយាយថា គ្មានតំបន់ណាដែលការផ្សាយសម្លេង របស់កូរ៉េខាងជើងទៅកាន់កូរ៉េខាងត្បូង ត្រូវបានគេឮនៅថ្ងៃនេះនោះទេ ។
លោកបានបន្ថែមថា ខណៈដែលការផ្សាយនៅតែអាចស្តាប់ បានរហូតដល់ម៉ោងប្រហែល ១១ យប់មុននេះ រហូតមកដល់ពេលនេះ មិនមានតំបន់ណាដែលការផ្សាយសម្លេងរំខាន ត្រូវបានគេឮនោះទេ ។
គួរឲ្យដឹងដែរថាមន្ត្រីក្នុងតំបន់បានប្រាប់ NK News ថាការផ្សាយរបស់កូរ៉េខាងជើងបានផ្លាស់ប្តូរពីសម្លេងរំខានទៅជាបទចម្រៀងស្ងប់ស្ងាត់នៅយប់ថ្ងៃពុធ មុនពេលឈប់ទាំងស្រុងត្រឹមព្រឹកថ្ងៃព្រហស្បតិ៍។
មកទល់ពេលនេះគេនៅមិនប្រាកដទេថា តន្ត្រីប្រភេទណានោះទេ អ្នកស្រុកបាននិយាយថាវាមានភាពស្ងប់ស្ងាត់និងមានអារម្មណ៍ធូរស្រាលហើយពេលនេះសព្វថ្ងៃនេះ មិនមានសម្លេងរំខានអ្វីទាំងអស់៕
ប្រែសម្រួល៖ស៊ុនលី
