ព័ត៌មានជាតិ

សម្តេចតេជោ ផ្តាំដល់អ្នកនយោបាយជ្រុលនិយមថៃ «សិន្ធិលឹមថោងគុល និង ចតុផនព្រំផាន់» ត្រូវប្រើសម្តីឱ្យស្រួល និងកុំព្រហើនជាមួយកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសារពិសេស​ ដោយផ្តាំផ្ញើដល់អ្នកអ្នកនយោបាយជ្រុលនិយមថៃ២រូប រួមមាន «សិន្ធិលឹមថោងគុល និងចតុផនព្រំផាន់» ឱ្យរៀនប្រើប្រាស់ពាក្យសម្តីឱ្យសមរម្យ និងកុំចង់ព្រហើនជាមួយកម្ពុជា ក្នុងបញ្ហាទំនាស់ព្រំដែន ដែលបានផ្ទុះឡើងនាពេលថ្មីៗនេះ ។

ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គ លើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ពលរដ្ឋខ្មែរ ត្រូវបន្តទុកចិត្ត និងជឿជាក់លើរាជរដ្ឋាភិបាល ហើយកុំធ្វើចរិកជ្រុលនិយមដូចពលរដ្ឋថៃមួយក្រុមតូច នៅទីក្រុងបាំងកក ដែលយកខ្មែរធ្វើជាសត្រូវ ។

ក្រុមជ្រុលនិយមថៃទាំងនោះ ត្រូវបានសម្តេចតេជោ បានគូសបញ្ជាក់ថា គឺស្ថិតក្រោមការដឹកនាំដោយ របស់លោក សិន្ធិលឹមថោងគុល អតីតមេដឹកនាំសម្ព័ន្ធប្រជាជន ដើម្បីប្រជាធិបតេយ្យ និងជាសកម្មជនជ្រុលនិយមថៃ ដែលបានធ្វើសកម្មភាពប្រមូលផ្តុំយ៉ាងកុះករ ដើម្បីបង្ហាញពីជំហរការពារអធិបតេយ្យភាពជាតិ ជុំវិញករណីដ៏ក្តៅគគុក​ នៅតាមព្រំដែនជាមួយកម្ពុជា កាលពីពេលថ្មីៗនេះ ។

ក្នុងនោះសម្តេចតេជោ ផ្តាំឱ្យលោក សិន្ធិលឹមថោងគុល ស្គាល់សម្តេចឱ្យច្បាស់ បើទោះ សម្តេចដកខ្លួនចេញ ពីនាយករដ្ឋមន្ត្រី ប៉ុន្តែនៅឈររឹងមាំ នៅក្នុងអំណាច នៅកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “សូមអ្នកឯកកុំភ័ណ្ឌច្រឡំ ហ៊ុន សែន មិនទាន់អស់អំណាចនៅឡើយទេ ហើយអ្នកឯងត្រូវស្គាល់ គោរមងារ «តេជោ» ដែលព្រះមហាក្សត្រ ព្រះប្រោសព្រះរាជទាន អ្នកកុំចង់ព្រហើនជាមួយកម្ពុជា ហើយមើលស្រាលចំពោះកម្ពុជា ហ៊ុន សែន បានគ្រប់គ្រងប្រទេសនេះ ចូលរួមចំណែកគ្រប់គ្រងប្រទេសថាអញ្ជឹងទៅចុះ រយៈពេល៤៧ឆ្នាំហើយ អ្នកល្មមដឹងថា តើ ហ៊ុន សែន ជានរណាពិតប្រាកដ ហើយ ចតុផនព្រំផាន់ ដែលកន្លងទៅធ្លាប់មកជ្រកកោន មកកម្ពុជា ទៅចូលដៃជាមួយ សិន្ធិលឹមថោងគុល ថ្នាក់ថ្មមសម្តីបន្តិច ​អាប្អូន ពីដើមអ្នកឯង អាវក្រហមរត់មកជ្រកកោននៅទីនេះ ឥឡូវចាប់ផ្តើមវាយប្រហារ មកកម្ពុជា សូមថ្នាក់ថ្មមសម្តីបន្តិច ស្គាល់សមត្ថមភាព របស់ ហ៊ុន សែន ច្បាស់ អ្នកឯងធ្លាប់មកជ្រកកោនមកជាមួយខ្ញុំ ខ្ញុំឱ្យបានអ្នកឯងស៊ី ខ្ញុំចិញ្ចឹមអ្នកឯង” ។

សូមរំលឹកថា លោក សិន្ធិលឹមថោងគុល ធ្លាប់បានដាក់ញាតិទៅកាន់នាយករដ្ឋមន្ត្រីថៃ គឺលោកស្រី Paethongtarn Shinawatra ដោយអំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ការពារ​អធិបតេយ្យភាព​របស់​ថៃ​ឱ្យបាន​ច្បាស់លាស់ ហើយថែមទាំងស្រែកក្តែងៗប្រាប់អ្នកគាំទ្រខ្លួនទៀតថា កម្ពុជា បានរំលោភលើទឹកដីថៃចំនួន ៤៧០ ដង ក្នុងរយៈពេល ២៥ ឆ្នាំមកនេះ៕

To Top