ព័ត៌មានអន្តរជាតិ

ក្រុមយន្តហោះចាក់សាំង នៅលើអាកាសជាង ៣០ គ្រឿងរបស់អាមេរិក កំពុងហោះឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា

RT News

បរទេស៖ ទស្សនាវដ្តី Military Watch បានរាយការណ៍កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថាបានដាក់ពង្រាយ ក្រុមយន្តហោះផ្ទុកប្រេងពីលើអាកាស (ចាក់សាំងនៅលើអាកាស) ជាង ៣០ គ្រឿង ឆ្លងកាត់មហាសមុទ្រអាត្លង់ទិកឆ្ពោះទៅកាន់មជ្ឈិមបូព៌ា។ ទស្សនាវដ្តី Military Watch បានពណ៌នា ការបង្កើននេះថា “មិនធ្លាប់មានពីមុនមក” ដោយអះអាងថា វាអាចបង្ហាញពីការចូលរួម របស់សហរដ្ឋអាមេរិកកាន់តែទូលំទូលាយនៅក្នុងសង្គ្រាមអ៊ីស្រាអែល-អ៊ីរ៉ង់ដែលកំពុងបន្ត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីក្រុងហ្សេរុយសាឡឹមខាងលិចនិងក្រុងតេហេរ៉ង់ បានឈានចូលដល់ថ្ងៃទីបួននៃអរិភាព ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន កងកម្លាំងអ៊ីស្រាអែលបានបើកការវាយ ប្រហារតាមអាកាសទៅលើគោលដៅ ទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់ ដោយបានសម្លាប់មន្ត្រីយោធា ជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រ និងជំរុញឱ្យមានការបាញ់មីស៊ីល សងសឹកលើទីក្រុងអ៊ីស្រាអែលដូចជា ទៅលើទីក្រុង Tel Aviv និងទីក្រុង Haifa ។

សហរដ្ឋអាមេរិកបានបង្ហាញការគាំទ្រចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ដោយប្រធានាធិបតីអាមេរិកលោក Donald Trump បានហៅពួកគេថាជា “ល្អឥតខ្ចោះ”។ លោកក៏បានព្រមានថា ទីក្រុងវ៉ាស៊ីនតោនអាចនឹង ជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះ ប្រសិនបើផលប្រយោជន៍របស់អាមេរិក ត្រូវបានគំរាមកំហែង ប៉ុន្តែលោកមិនទាន់បានប្រកាសពីផែនការ ណាមួយពាក់ព័ន្ធនឹងកងកម្លាំងអាមេរិកនៅឡើយទេ។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមទិន្នន័យតាមដានការហោះហើរ សហរដ្ឋអាមេរិកបានចាប់ផ្តើមដាក់ពង្រាយក្រុមយន្តហោះផ្ទុកប្រេងពីលើអាកាស KC-135 និង KC-46 ទៅកាន់មជ្ឈិមបូព៌ារួចហើយ។ ទស្សនាវដ្ដីឃ្លាំមើល យោធា បានផ្តល់យោបល់ថា យន្តហោះនេះអាចមានបំណង ជួយដល់ប្រតិបត្តិការរបស់កងទ័ពអាកាស អ៊ីស្រាអែល ឬចាក់សាំងដល់យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកអាមេរិក ប្រសិនបើក្រុងវ៉ាស៊ីនតោន ពង្រីកតួនាទីរបស់ខ្លួនក្នុងជម្លោះ។

របាយការណ៍នេះក៏អះអាងដែរថា យន្តហោះចាក់សាំង មកពីប្រទេសលោកខាងលិច ផ្សេងទៀតបានចូលរួមក្នុងកិច្ចខិតខំប្រឹង ប្រែងចាក់ប្រេងពីលើអាកាសរបស់អ៊ីស្រាអែលផងដែរ ខណៈដែលសហរដ្ឋអាមេរិកត្រូវបានគេជឿថា បានផ្តល់ព័ត៌មានស៊ើបការណ៍សម្ងាត់ ទិន្នន័យគោលដៅផ្កាយរណប និងការគាំទ្រផ្នែកការពារមីស៊ីល ៕
ប្រែសម្រួលៈ ណៃ តុលា

To Top