បរទេស៖ ក្រសួងការបរទេសអាមេរិក បានចាប់ផ្តើមជម្លៀស អ្នកការទូតដែលមិនសំខាន់ និងក្រុមគ្រួសារ របស់ពួកគេចេញពីស្ថានទូត អាមេរិកក្នុងប្រទេសអ៊ីស្រាអែល ខណៈដែលអរិភាពរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កាន់តែខ្លាំងឡើង ហើយប្រធានាធិបតីអាមេរិកលោក Donald Trump ព្រមានពីលទ្ធភាពនៃការចូលរួម ដោយផ្ទាល់នៅក្នុងជម្លោះថែមទៀត។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីអាមេរិកពីរនាក់ ដែលនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះបាននិយាយថា យន្តហោះរដ្ឋាភិបាល បានជម្លៀសអ្នកការទូត និងសមាជិកគ្រួសារមួយចំនួន ដែលបានស្នើសុំចាកចេញ ពីប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធ ។ មិនមានការបញ្ជាក់ពីចំនួនអ្នកការទូត និងសមាជិកគ្រួសារប៉ុន្មាននាក់ដែលបានចេញដំណើរតាមជើងយន្តហោះ ឬប៉ុន្មាននាក់ទៀតដែលអាចចាកចេញតាមផ្លូវគោកទៅ កាន់ប្រទេសហ្ស៊កដានី ឬអេហ្ស៊ីប នោះទេ។
ជើងហោះហើរនេះបានកើតឡើងភ្លាមៗ មុនពេលឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសអ៊ីស្រាអែល លោក Mike Huckabee បានប្រកាសនៅលើ X ថា ស្ថានទូតកំពុងរៀបចំផែនការសម្រាប់ការជម្លៀសតាមយន្តហោះ និងកប៉ាល់ សម្រាប់ពលរដ្ឋអាមេរិកឯកជន។
ប៉ុន្មានម៉ោងបន្ទាប់ពីការលើកឡើង របស់លោក Huckabee ការិយាល័យកិច្ចការកុងស៊ុល របស់ក្រសួងការបរទេសអាមេរិកបានបង្ហោះថា “យើងមិនមានសេចក្តីប្រកាស អំពីការជួយពលរដ្ឋអាមេរិកឯកជន ឱ្យចាកចេញនៅពេលនេះ” ពីអ៊ីស្រាអែល ឬទឹកដីប៉ាឡេស្ទីននិះទេ៕
