ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលទាំងស្រុងនូវការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវ របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ពាក់ព័ន្ធនឹងករណីទាហានថៃ នាំអ្នកជិះកង់ជនជាតិថៃ១៥០នាក់ ឡើងប្រាសាទតាមាន់ធំ ដោយមិនមានការជូនដំណឹងជាមុន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា «កម្ពុជាបញ្ជាក់សារជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយរាល់ការឆ្លើយតបរបស់កងទ័ពកម្ពុជា គឺមានភាពសមស្រប ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់»។
អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាអំពាវនាវឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ព្រមទាំងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលប៉ះពាល់ដល់ការជឿទុកចិត្តគ្នា ទៅវិញទៅមក និងគំរាមកំហែងស្ថិរភាពក្នុងតំបន់។
ដើម្បីផ្តល់ភាពច្បាស់លាស់ និងការពិតចំពោះឧប្បត្តិហេតុនេះ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបញ្ជាក់ចំនួន បួនចំណុចដូចតទៅ៖
ទីមួយ៖ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ដែលថាខ្លួនបានជូនដំណឹងដល់កងទ័ពកម្ពុជាអំពីការមកទស្សនារបស់អ្នកជិះកង់ជនជាតិថៃចំនួន១៥០នាក់នៅប្រាសាទតាមាន់ធំ គឺជារឿងមិនពិត។ កងទ័ពកម្ពុជាពុំបានទទួលការជូនដំណឹងពីភាគីថៃ មិនថាជាពាក្យសម្តី ឬតាមរយៈទំនាក់ទំនងផ្លូវការ អំពីការមកទស្សនាប្រាសាទរបស់ក្រុមអ្នកជិះកង់ជនជាតិថៃទាំងនេះទេ។ ប្រសិនបើកងទ័ពថៃពិតជាមានភាពស្អាតស្អំ និងគ្មានចេតនាមិនល្អនោះទេ គួរតែធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដែលបញ្ជាក់យ៉ាងច្បាស់ពាក់ព័ន្ធនឹងពេលវេលា និងលក្ខខណ្ឌនៃការចេញចូលប្រាសាទ។
ទីពីរ៖ ពេលសង្កេតឃើញការមកទស្សនាដោយគ្មានការអនុញ្ញាត ពីសំណាក់អ្នកជិះកង់ជនជាតិថៃទាំងនេះ កងទ័ពកម្ពុជាបានឆ្លើយតបដោយសមរម្យ មានសុជីវធម៌ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។ កងទ័ពកម្ពុជាបានរំឭកកងទ័ពថៃថា ការមកទស្សនាដោយគ្មានការឯកភាពគ្នាជាមុននេះ គឺជាការបំពានលើកិច្ចព្រមព្រៀង ហើយបានជំរុញឱ្យភាគីថៃ គោរពលក្ខខណ្ឌទាំងនេះឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់។ ទោះបីជាមានការបំពានដូចបានរៀបរាប់ខាងលើក៏ដោយ កងទ័ពកម្ពុជាបានអនុញ្ញាតឱ្យពួកគេថតរូប និងចាកចេញពីតំបន់នោះដោយសន្តិវិធី ដែលនេះបង្ហាញឱ្យឃើញពីការអត់ធ្មត់ ការទទួលខុសត្រូវ និងបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់កងទ័ពកម្ពុជា ក្នុងការជៀសវាងកុំឱ្យមានភាពតានតឹងដោយមិនចាំបាច់។
ទីបី៖ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃថា បញ្ហាខាងលើនេះអាចបណ្តាលមកពីការយល់ច្រឡំក្នុងទំនាក់ទំនងផ្ទៃក្នុងរវាងកងទ័ពកម្ពុជា និងរាជរដ្ឋាភិបាលរបស់ខ្លួន ការលើកឡើងបែបនេះ គឺជាទង្វើដែលគ្មានការទទួលខុសត្រូវបំផុត ប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនក្នុងនាមជាអ្នកនាំពាក្យ ដែលមានតួនាទីត្រូវផ្តល់ការពិត និងផ្អែកលើភស្តុតាង។ ការចោទប្រកាន់បែបនេះ គឺជាចេតនាបិទបាំងកំហុសឆ្គងរបស់កងទ័ពថៃ ដែលបានល្មើសលើកិច្ចព្រមព្រៀង ហើយមិនហ៊ានទទួលខុសត្រូវ បែរជាមកចោទប្រកាន់កងទ័ពកម្ពុជា ក្នុងចេតនាបំភ័ន្តការពិតជាមួយប្រជាជនខ្លួន។ ក្នុងន័យនេះ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា គឺរួមគ្នាតែមួយក្នុងការប្តេជ្ញាចិត្តការពារបូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ។
ទីបួន៖ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ជាថ្មីថា តាមផែនទីមាត្រដ្ឋាន ១:២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំងសៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ១៩០៧ ប្រាសាទតាមាន់ធំ គឺជាដែនអធិបតេយ្យរបស់កម្ពុជា ដែលជាការពិតមិនអាចក្រឡាស់បាន។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ប្រកបដោយភាពស្មោះត្រង់ ព្រមទាំងជៀសវាងរាល់សកម្មភាពបំភ័ន្តការពិត ដែលអាចបំផ្លាញទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយមកឈ្លានពានបានជាដាច់ខាត។
