សៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ព្រំដែន របស់ប្រទេសកម្ពុជា គឺបិទជាអចិន្ត្រៃយ៍តែម្តង បើចង់បើកវិញ គឺត្រូវតែបើកទាំងអស់ព្រមគ្នា ។
នាឱកាសអញ្ជើញជាអធិបតីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាព សហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មានភាពទន់ភ្លន់ តែក៏ត្រូវឆ្លើយតបដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កម្ពុជាផងដែរ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ខ្ញុំ បញ្ជាក់ថា បើកម្ពុជាបិទ អត់មានបើកវិញនូវច្រកនឹង នៅពេលអ្នកឯងបើកទេ គឺបិទរហូត ទល់តែទូទាំងព្រំដែនទាំងមូលបើក បានបើកបាន។ មិនមែនថា បើកជប់គគីរ ថ្ងៃនេះ គេបើក គេបិទ យើងបិទ ដល់ពេលគេបើក យើងបើកដែរ អត់ទេណា។ តាបិទ គឺបិទអចិន្ត្រៃយ៍ហើយ ទល់តែអ្នកឯងបើកជាឯកតោភាគី ទូទាំងព្រំដែនទាំងអស់ ឱ្យដូចមុន ថ្ងៃ ៧ មិថុនា បានកម្ពុជា គិតគូរបើកឡើងវិញ»។
សម្តេចបវរធិបតី បន្ដថា ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ, កម្ពុជា ធ្វើខ្លួនដូចជាពស់ មិនឡូឡា មិនរញ៉េរញ៉ៃ តែចឹកតែម្ដងឱ្យស្លាប់។ សម្ដេច នាយករដ្ឋមន្ដ្រី បញ្ឈឺថៃដូច្នេះ បន្ទាប់ពីប្ដឹងរឿងព្រំដែន ទៅតុលាការអន្តរជាតិ (ICJ) និងកាត់ផ្ដាច់ការនាំចូលមួយចំនួនពីប្រទេសថៃផងដែរ។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា កម្ពុជា មានត្រឹមតែសព្វាវុធមួយតម្លៃ ១០ម៉ឺនដុល្លារ ប៉ុន្តែអាចបាញ់រថក្រោះតម្លៃ ៥លានដុល្លារ និងកាំជ្រួចសំណាញ់មេឃ តម្លៃទាប ប៉ុន្តែអាចបាញ់យន្តហោះចម្បាំងតម្លៃប្រមាណ៣០លានដុល្លារឡើង ដែលរបៀបកម្ពុជាធ្វើ ដូចនឹងអ្នកជំនួញ ដាក់ទុនតិច តែចំណេញច្រើន ។
នាឱកាសនោះដែរ សម្ដេច នាយករដ្ឋមន្ដ្រី បានអះអាងជាថ្មីថា កម្ពុជាមិនដែលមានបំណងចង់ បង្កការលំបាកដល់ ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ ។ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះ ដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា៕
