បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ នៅទីក្រុងមូស្គូបានរាយការណ៍ កាលពីថ្ងៃអាទិត្យថា កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារ ទ្រង់ទ្រាយធំមួយយប់ លើរោងចក្រឧស្សាហកម្មអ៊ុយក្រែន ដែលពាក់ព័ន្ធនឹងអាវុធរយៈចម្ងាយឆ្ងាយ និងយន្តហោះគ្មានមនុស្សបើក។
អាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានបញ្ជាក់ពីការវាយប្រហារនេះ ដោយអ្នកខ្លះបានលើកឡើងថា វាជាការវាយប្រហារដ៏ធំបំផុតមួយចាប់ តាំងពីជម្លោះកើនឡើងនៅឆ្នាំ២០២២។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលរាយការណ៍ពីប្រតិបត្តិការនេះ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបាន ធ្វើការវាយប្រហារទ្រង់ទ្រាយធំ ពាក់ព័ន្ធនឹងអាវុធរយៈចម្ងាយឆ្ងាយ ផ្លូវអាកាស សមុទ្រ និងដីគោក រួមទាំងប្រព័ន្ធមីស៊ីល Kinzhal ដែលមានល្បឿនលឿន ជាងសំឡេង ក៏ដូចជាយន្តហោះគ្មានមនុស្សបើក ដែលតម្រង់គោលដៅ លើទីតាំងឧស្សាហកម្មយោធា និងឧស្សាហកម្មកែច្នៃប្រេង របស់អ៊ុយក្រែន។
យ៉ាងណា្តក្តីក្រសួងការពារជាតិមិនបានផ្តល់ព័ត៌មាន លម្អិតបន្ថែមទៀតទេ ប៉ុន្តែបានបញ្ជាក់ថា បំណងនៃការវាយប្រហារត្រូវបានសម្រេចតាមផែនការ ហើយគោលដៅ ដែលបានកំណត់ទាំងអស់ ត្រូវបានវាយប្រហារ។
ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelenskyបានបញ្ជាក់ពីការវាយប្រហារនេះ នៅក្នុងការបង្ហោះនៅលើ Telegram ដោយអះអាងថាវាពាក់ព័ន្ធ នឹងយន្តហោះគ្មានមនុស្ស បើកផ្ទុកគ្រឿងផ្ទុះចំនួន ៤៧៧ គ្រឿង និងមីស៊ីល ៦០ ប្រភេទផ្សេងៗគ្នា ។ លោកបានប្រើពេលវេលានេះ ដើម្បីអំពាវនាវជាថ្មីម្តងទៀត ដល់អ្នកគាំទ្រលោកខាងលិច របស់ទីក្រុងគៀវ ឱ្យផ្តល់ប្រព័ន្ធការពារដែន អាកាសបន្ថែមទៀត សម្រាប់អ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី
