ម៉ូស្គូ៖ ទីក្រុងមូស្គូ បានសម្រេចចិត្តដាក់កំហិតទៅវិញទៅមក លើប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបចំនួន ១៥ ដែលប្រតិបត្តិការក្នុងប្រទេសរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីមួយចំនួន។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅក្នុងវិធានការប្រឆាំងនឹងការរឹតបន្តឹងចុងក្រោយរបស់សហភាពអឺរ៉ុប លើការបោះពុម្ពផ្សាយ និងបណ្តាញព័ត៌មានរុស្ស៊ីចំនួន៨ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហភាពអឺរ៉ុបជាផ្នែកមួយនៃអ្វីដែលគេហៅថាកញ្ចប់ទណ្ឌកម្មទី១៦ នៅក្នុងខែកុម្ភៈឆ្នាំនេះ ភាគីរុស្ស៊ី បានសម្រេចចិត្តដាក់កំហិតប្រឆាំងនៅក្នុងទឹកដីរបស់ខ្លួន ចំពោះធនធានគេហទំព័ររបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន ១៥ ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត”។
ក្រសួងបានបន្ថែមថា “ប្រសិនបើការរឹតបន្តឹងទាំងនេះដាក់លើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងបណ្តាញព័ត៌មានត្រូវបានដកចេញ ភាគីរុស្ស៊ីក៏នឹងពិនិត្យឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួនផងដែរ ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុប”៕
ប្រែសម្រួល ឈូក បូរ៉ា
