តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនាពេលថ្មីៗនេះទៅលើពន្ធនាគារ Evin ក្នុងរដ្ឋធានីតេអេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ បានកើនឡើងដល់ ៧៩នាក់ហើយ។
ទីភ្នាក់ងារ Tasnim បានដកស្រង់សម្តីអ្នកនាំពាក្យតុលាការអ៊ីរ៉ង់លោក Asghar Jahangir បានឲ្យដឹងថា ជនរងគ្រោះនៃការវាយប្រហារកាលពីថ្ងៃទី២៣ ខែមិថុនា រួមមានសមាជិកគ្រួសារ បុគ្គលិកពន្ធនាគារ អ្នកទោស និងអ្នករស់នៅក្នុងអគារនៅក្បែរនោះ។
លោកបានបន្ថែមថា មនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួសក្នុងការវាយប្រហារ “ឧក្រិដ្ឋកម្ម” ដោយមិនបានបញ្ជាក់ពីតួលេខពិតប្រាកដនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ជនជាតិអ៊ីរ៉ង់ចំនួន ៩៣៥ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់នៅចន្លោះថ្ងៃទី ១៣ ដល់ថ្ងៃទី ២៤ ខែមិថុនា ក្នុងនោះមានកុមារចំនួន ៣៨ នាក់ និងស្ត្រីចំនួន ១៣២ នាក់។
កាលពីថ្ងៃទី១៣ ខែមិថុនា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏ធំទៅលើតំបន់ផ្សេងៗគ្នាក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិល។ អ៊ីរ៉ង់បានឆ្លើយតបដោយការបាញ់មីស៊ីល និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាច្រើនលើកមកលើអ៊ីស្រាអែលវិញផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
