ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល សង្ឃឹមថា សន្និសីទវិទ្យាសាស្រ្តប្រចំាឆ្នាំស្តីពី «អភិវឌ្ឍន៍ចំណេះដឹង និងជំនាញ ដើម្បីបម្រើសេវាសុខាភិបាល កាន់តែប្រសើរ»ប្រារព្ធឡើងនាថ្ងៃ២ កក្កដា ក្រោមការចូលរួមពីលោក Jaques Pellet ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា នឹងក្លាយជាវេទិកានៃការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកទេសវេជ្ជសាស្រ្តថ្មីៗ រវាង កម្ពុជា និងបារាំង។
សន្និសីទនេះរៀបចំឡើងដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សហការជាមួយបណ្ឌិត្យសភាជាតិវេជ្ជសាស្ត្របារាំង។
សន្និសីទវិទ្យាសាស្រ្តមានរយៈពេល២ថ្ងៃនេះ នឹងចែករំលែកចំណេះដឹងវិទ្យាសាស្រ្ត និងលទ្ធផលស្រាវជ្រាវថ្មីៗ ព្រមទាំងផ្តល់ឱកាសជូនវាគ្មិន និងក្រុមគ្រូពេទ្យកម្ពុជា ប្រកបដោយសក្តានុពល ធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់លើការងារស្រាវជ្រាវ ទាក់ទងនឹងប្រធានបទចំនួនសំខាន់ ៗរួមមាន ៖ ភាពស៊ាំនៃឱសថប្រឆាំងមេរោគ (AMR) , មេរោគ papillomavirus humain (HPV) ដែលអាចបង្កជាជំងឺមហារីកមាត់ស្បូន , ជំងឺមហារីកថ្លើម (Hepatocellular carcinoma) និងជំងឺទឹកនោមផ្អែម។
ឆ្លៀតក្នុងឱកាសនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនដល់អង្គសន្និសីទ ដើម្បីជាកិច្ចពិភាក្សាឲ្យបានផុសផុល បង្កើតនូវគំនិតស្រាវជ្រាវ នវានុវត្តន៍ សម្រាប់ការព្យាបាល ថែទាំអ្នកជំងឺ គឺគ្រប់មូលដ្ឋានសុខាភិបាល ខិតខំពង្រឹងការលើកកម្ពស់ការអប់រំសុខភាពដល់ប្រជាជន តាមគ្រប់រូបភាព ដោយខិតខំជំរុញការចូលរួមរបស់សាធារណជន និងលើកកម្ពស់ការយល់ដឹងលើការការពារជំងឺមិនឆ្លង និងប្រព័ន្ធភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ។ បន្តពង្រឹងនិយ័តកម្មឱសថឲ្យបានម៉ឺងម៉ាត់ ទាំងការផលិត ការលក់ ការចែកចាយ និងការតាមដានគុណភាព សុវត្ថិភាព និងការផ្សព្វផ្សាយ ឱសថ និងខិតខំគ្រប់មធ្យោបាយ ពង្រឹងការប្រើប្រាស់ឱសថឲ្យបានត្រឹមត្រូវ ជាពិសេសឱសថដែលតម្រូវឲ្យមានវេជ្ជបញ្ជា។
រដ្ឋមន្រ្តីក៏បានជំរុញការសហការយ៉ាងជិតស្និទ្ធជាអន្តរវិស័យ និងអន្តរអង្គភាព ដើម្បីដោះស្រាយបញ្ហាជំងឺមិនឆ្លង និងមូលហេតុនៃការកើនឡើងនៃភាពស៊ាំនឹងឱសថប្រឆាំងមេរោគ។ពង្រឹងយន្តការតាមដានឲ្យមានប្រសិទ្ធភាព ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចអន្តរាគមន៍នានា ដោះស្រាយបញ្ហាសុខភាពទាន់ពេលវេលាជូនប្រជាជន ។ ខិតខំយកចិត្តទុកដាក់ក្នុងការថែទាំ ព្យាបាលអ្នកជំងឺទាំងអស់ ប្រកបដោយគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយសិក្សារៀនសូត្រចំណេះដឹងថ្មីៗនិងមានបច្ចុប្បន្នភាពជាប្រចាំ៕











