ព័ត៌មានជាតិ

សម្តេចធិបតី៖ មកដល់ម៉ោងនេះ គ្មានគណបក្សណាមួយ អាចយកជំនួស គណបក្សប្រជាជនកម្ពុជាបានទេ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ស្ថេរភាពសង្គម សុខសន្តិភាព លំនឹងសេដ្ឋកិច្ច លំនឹងនយោបាយ គឺសំខាន់ណាស់ ខណៈដែលមកដល់ម៉ោងនេះ គ្មានគណបក្សណាមួយ អាចយកជំនួសគណបក្សប្រជាជនកម្ពុជាបានទេ ។

ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ចាក់ថា ការផ្លាស់ប្តូរអ្នកដឹកនាំប្រទេសមួយៗ មិនងាយស្រួលនោះទេ ហើយការដោះដូរនេះទៀតសោត មានប្រទេសជាច្រើនទទួលបានលទ្ធផលខុសៗគ្នា មានប្រទេសខ្លះក្រឡាប់ចាក់ ប្រទេសខ្លះក៏មានលំនឹង រីឯប្រទេសខ្លះដូរភ្លាមមិនទាន់បាន៣ឆ្នាំ ក៏ដូររដ្ឋាភិបាល៤ទៅ៥ ខណៈដែលការផ្លាស់ប្តូរបែបនេះ ធ្វើឱ្យគ្មានលំនឹងស្ថេរភាប នាំឱ្យមិនអាចដាក់ចេញ គោលនយោបាយអ្វីឡើយ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ស្ថេរភាពសង្គម សុខសន្តិភាព លំនឹងសេដ្ឋកិច្ច លំនឹងនយោបាយ គឺធំណាស់ ហើយមកដល់ម៉ោងនេះ គ្មានគណបក្សណាមួយ អាចយកជំនួសគណបក្សប្រជាជនបានទេ នៅក្នុងខួរក្បាលអារម្មណ៍និងទំនុកចិត្តខ្មែរយើង និងជនបរទេស ជារួម គឺថា ប្រទេសកម្ពុជា ត្រូវការគណបក្សប្រជាជន ហើយជាពិសេសវត្តមានសម្តេចប្រធានគណបក្ស គឺជាមូលដ្ឋានរឹងមាំ ជាមូលដ្ឋានសម្រាប់ធានានូវចីរភាព និងលំនឹងចិត្តរបស់ប្រជាពលរដ្ឋ”។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ក៏ដូចជាអ្នកកំពង់ធំផ្ទាល់ដែលបានជឿទុកចិត្ត ច្បាស់លាស់នៅក្នុងការដឹកនាំរបស់គណបក្សប្រជាជនដើម្បីបម្រើប្រជាជន៕

To Top