ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក ប៊ូយ ថាញ់សឺន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម ក្នុងតួនាទីជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ-ជប៉ុន លើកទី១៦ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១៣ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំទាំងពីរ ដែលគ្រោងនឹង ប្រព្រឹត្តទៅនៅថ្ងៃទី១០ និងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាអំឡុងពេលអញ្ជើញចូលរួមកិច្ច ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ី។
បើតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនលើកទី១៦ នឹងធ្វើការពិនិត្យលើវឌ្ឍនភាព និងការអនុវត្ត យុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ឆ្នាំ២០២៤ ដែលត្រូវបានអនុម័តកាលពីឆ្នាំមុន នៅក្នុងកិច្ច ប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនលើកទី១៥ នៅប្រទេសឡាវ ព្រមទាំងពិភាក្សាអំពីទិសដៅអនាគត សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។
នៅថ្ងៃបន្ទាប់ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១៣ រដ្ឋមន្ត្រី ការបរទេសនឹងធ្វើការពិនិត្យវាយតម្លៃវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ ស្ថិតក្រោមផែនការ សកម្មភាពឆ្នាំ២០២១-២០២៥ ព្រមទាំងធ្វើការផ្លាស់ប្តូរទស្សនៈអំពីទិសដៅយុទ្ធសាស្ត្រនៃផែនការ សកម្មភាពមេគង្គ-កូរ៉េឆ្នាំ២០២៦-២០៣០ ៕

