ព័ត៌មានអន្តរជាតិ

លោក ត្រាំ អះអាងថា ពន្ធ ៥០ ភាគរយលើទង់ដែង នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែសីហា

Xinhua

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ពន្ធ ៥០ ភាគរយលើទង់ដែង ដែលលោកបានប្រកាសកាលពីដើមសប្តាហ៍នេះ នឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែសីហា។

លោក ត្រាំ បានសរសេរនៅក្នុងសារបង្ហោះនៅលើបណ្ដាញ Truth Social របស់លោកថា “ខ្ញុំកំពុងប្រកាសពន្ធ ៥០% លើទង់ដែង ដែលមានប្រសិទ្ធភាពនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានការវាយតម្លៃសុវត្ថិភាពជាតិដ៏រឹងមាំ”។

ក្នុងនាមជា “សម្ភារៈប្រើប្រាស់ច្រើនបំផុតទីពីរដោយក្រសួងការពារជាតិ” លោក ត្រាំ បានឲ្យដឹងថា ទង់ដែងគឺ “ចាំបាច់” សម្រាប់ឧបករណ៍ semiconductors យន្តហោះ នាវា គ្រាប់រំសេវ មជ្ឈមណ្ឌលទិន្នន័យ អាគុយលីចូម-អ៊ីយ៉ុង ប្រព័ន្ធរ៉ាដា ប្រព័ន្ធការពារមីស៊ីល និងអាវុធលឿនជាងសំឡេង។

លោក ត្រាំ បានបញ្ជាក់ថា “អាមេរិចនឹងបង្កើតឧស្សាហកម្មទង់ដែងម្តងទៀត” ។ បើតាម CNBC បានចុះផ្សាយថា សហរដ្ឋអាមេរិក នាំចូលទង់ដែងជិតពាក់កណ្តាលដែលខ្លួនប្រើប្រាស់ ដែលភាគច្រើនមកពីប្រទេសឈីលី ដោយដកស្រង់ទិន្នន័យពីការអង្កេតភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ លោក ត្រាំ បានប្រកាសអំពីពន្ធថ្មីចំនួន ៥០ ភាគរយលើទង់ដែង ដោយបន្ថែមថាលោកនៅតែកំពុងរៀបចំផែនការពន្ធលើឧស្សាហកម្ម ដែលបានជ្រើសរើស រួមទាំងថ្នាំ សារធាតុ semiconductors និងលោហៈ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top