បរទេស៖ សកម្មជននយោបាយរបស់ថៃ លោក Jatuporn Prompan បានបង្កើនការសង្ស័យទាក់ទងនឹងសកម្មភាពនយោបាយថ្មីៗរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដោយលោកចោទសួរថា តើមានកិច្ចព្រមព្រៀងសម្ងាត់ អាចនៅពីក្រោយព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដែលកើតឡើងនៅថ្ងៃតែមួយដែរឬទេ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងក្នុងកម្មវិធី Facebook Live របស់លោក គឺ “Thailand Must Come First” លោក Jatuporn ដែលជាអតីតមេដឹកនាំក្រុមអាវក្រហម បានចង្អុលទៅលើការដកភ្លាមៗនូវសេចក្តីព្រាងច្បាប់វិស័យកំសាន្ត Entertainment Complex ដែលនឹងធ្វើឱ្យកាស៊ីណូទៅជាស្របច្បាប់ និង សុន្ទរកថារបស់លោកថាក់ស៊ីន ដែលលើកកំពស់អំណាចទន់នៅក្នុងព្រឹត្តិការណ៍ Otop នៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit និងការអត្ថាធិប្បាយរបស់គាត់លើភាពជាប់គាំងនយោបាយបច្ចុប្បន្ននៅក្នុងវេទិកាដែលរៀបចំដោយ Nation Group ។
លោក Jatuporn បាននិយាយថា នៅពេលដែលរឿងទាំងអស់នេះកើតឡើងនៅថ្ងៃតែមួយ វាទំនងជាមិនមែនជារឿងចៃដន្យនោះទេ។
លោកបានគូសបញ្ជាក់ពីការលើកកម្ពស់គំនិតផ្តួចផ្តើមអំណាចទន់ ដែលអាចត្រូវបានគេមើលឃើញថា ជាការជំរុញដល់កូនស្រីរបស់លោកថាក់ស៊ីន, ការព្យួរតំណែងនាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra និង ក្នុងតួនាទីថ្មីរបស់លោកស្រីជារដ្ឋមន្ត្រីវប្បធម៌ និងការប្រកាសយ៉ាងម៉ឺងម៉ាត់របស់លោក ថាក់ស៊ីន អំពីការផ្តាច់ទំនាក់ទំនងជាមួយបុរសខ្លាំងកម្ពុជា ហ៊ុន សែន ក្រោយជាង ៣០ ឆ្នាំ មកនេះ ដោយលើកឡើងពីការខូចខាតដែលបានធ្វើចំពោះលោកស្រី Paetongtarn បន្ទាប់ពីការបែកធ្លាយសំឡេងសន្ទនាតាមទូរស័ព្ទ។
លោក Jatuporn បានលើកឡើងអំពីព្រឹត្តិការណ៍ទាំងនេះ កើតឡើងក្នុងពេលតំណាលគ្នា ដែលទាំងនេះហាក់ដូចជាត្រូវបានគណនាដោយចៃដន្យផងដែរ ដោយសន្មតថា វាអាចត្រូវបានរៀបចំជាផ្នែកនៃ ការអនុវត្តនយោបាយដ៏ទូលំទូលាយ៕
ប្រែសម្រួលៈ ណៃ តុលា
