ព័ត៌មានជាតិ

តបប្រតិកម្មមហាជន៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ បកស្រាយថា ការរឹតបន្ដឹងច្បាប់ ចរាចរណ៍ផ្លូវគោក គ្មានប៉ះ ពាល់ជីវភាពពលរដ្ឋ

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជា អ្នកនាំពាក្យ អគ្គស្នងការ ដ្ឋាននគរបាលជាតិ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នាពេលនេះ គ្មានប៉ះពាល់ជីវភាព ប្រជាពលរដ្ឋខ្មែរឡើយ ផ្ទុយទៅវិញ មានតែជួយជីវភាពពួកគាត់ទៅវិញ តាមរយៈការរឹតបន្ដឹង ច្បាប់នេះ។

លោក ឆាយ គឹមខឿន លើកឡើងបែបនេះ​ បន្ទាប់ពីមាន ប្រជាពលរដ្ឋមួយចំនួនសម្ដែងមិនពេ ញចិត្តចំពោះ ការរឹតបន្ដឹងច្បាប់ចរាចរណ៍នាពេលនេះ ដោយសំណូមពរឲ្យសមត្ថកិច្ចពន្យា ពេល អនុវត្តន៍សិន ដោយរង់ចាំវិបត្តិ កូវីដ-១៩ បានផុតរលត់ ដើម្បីទុកពេលឲ្យប្រជាពលរដ្ឋ ធ្វើការរស្ដារសេដ្ឋកិច្ចកិច្ចឡើងវិញសិន ពីព្រោះប្រជាពលរដ្ឋកំពុងជួបបញ្ហាធ្លាក់ចុះសេដ្ឋកិច្ច។

លោក ឆាយ គឹមខឿន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នារសៀលថ្ងៃទី៣ ខែ មេសា ឆ្នាំ២០២០ ថា «ការរឹត​បន្ដឹងច្បាប់អត់ពាក់ព័ន្ធជីវភាពទេ ការរឹតបន្ដឹងច្បាប់នេះ គឺបា នន័យថា ជួយជីវភាពពួកគាត់ បង្ខំឲ្យពួកគាត់នាំគ្នាគោរពច្បាប់ ។បើគាត់គោរពច្បាប់មិនទទួលការផាកពិន័យទេ គាត់គោរពច្បាប់​ អត់រងគ្រោះខាតបង់ មធ្យោបាយ សម្ភារៈ អត់រងគ្រោះ ពិការ ឬក៏ស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ទេ ដូច្នេះ គឺជាការជួយកាត់បន្ថយការចំណាយ»។

លោកបន្ដថា បើសិនប្រជាពលរដ្ឋនាំគ្នាគោរពច្បាប់ចរាចរណ៍ គ្មានការរងគ្រោះខាតបង់ អ្វីឡើយ ផ្ទុយទៅវិញ ពួកគាត់ចំណេញពេលវេលាបន្ថែមទៀត។បន្ថែមពីនោះ ប្រជាពលរដ្ឋ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា គឺជាការចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ជាមួយ រាជរដ្ឋាភិបាល និងអាជ្ញាធរ ក្នុងការកសាងសង្គមមួយដោយថ្លៃថ្នូរ ល្អប្រសើរ។ 

លោក បញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សមត្ថកិច្ច ក៏គ្មាន សិទ្ធផាកពិន័យពួកគាត់ដែរ។ បើសិនពួកគាត់មិនគោរពច្បាប់ ទើបសមត្ថកិច្ច ធ្វើការផាកពិន័យ។

ជាងនេះទៅទៀត ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គ ស្នងការដ្ឋាននគរបាលជាតិ ក៏បានបន្ដធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋ ឲ្យចូលរួម គោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពខ្លួនឯង និងជីវភាពគ្រួសារ និងអ្នកដទៃ។

បន្ថែមពីនេះ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវ គោក ទូទាំងប្រទេស រយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃ ទី១-៣ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចធ្វើ ការផាក ពិន័យយានយន្ដ ជាង ៨គ្រឿង ក្នុងនោះ ម៉ូតូ៦ពាន់គ្រឿង។

លោក ថា «ក្នុងរយៈពេល៣ថ្ងៃនឹង ផាក ពិន័យយានយន្ដ ជាង៨ពាន់គ្រឿង ហើយក្នុងនោះ ម៉ូតូមាន៦ពាន់គ្រឿង»។

សូមរំលឹកថា នាពេលថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ លើកឡើងថា «សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិ ដែលធ្វើដំណើរប្រកប ដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ បងប្អូនអ្នកត្រឹមត្រូវ គឺអាចធ្វើដំណើរ បានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជា មិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ជាដើម ទើបសមត្ថកិច្ចឃាត់មិនឲ្យធ្វើដំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ»។

សម្ដេចក៏បានផ្ដាំផ្ញើថា កុំមានទស្សនៈថា នគរបាលឆ្លៀតយកឱកាសនេះ ធ្វើបាបប្រជាពលរដ្ឋ  នេះគឺជាភារកិច្ចដើម្បីប្រជាពលរដ្ឋ ហើយទាល់តែឃាត់គ្រប់អ្នកដំណើរ ទោះគោរពច្បាប់ និងមិនគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទើបថា ជាវិធានការរដ្ឋបាល។

សម្ដេចបញ្ជាក់ថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញ ដើម្បីឆ្លើយតប នឹងភាពអាសន្ន នៃគ្រោះថ្នាក់ចរាចរណ៍ដែលមានកំណើនយ៉ាងគំហុក កាលពីឆ្នាំកន្លងទៅ បានបណ្ដាលឲ្យមាន អ្នកស្លាប់ របួសពិការ បង្កឲ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាពដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម ហើយមាន សន្តិភាព និងការអភិវឌ្ឍន៍ ទៅហើយនោះ។

សូមរំលឹកថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យ លេខ៣៩ ដែលសមត្ថកិច្ចទូទាំងប្រទេស ចាប់ផ្ដើមអនុវត្ត ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២០នេះតទៅ​ ក្នុងគោលបំណង កាត់បន្ថយគ្រោះចរាចរណ៍ ជាពិសេស ឲ្យប្រជាពល រដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ផងដែរ។សមត្ថកិច្ច អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ចំនួន៣.៩១៩នាក់ និង៥៦៨គោលដៅ ផងដែរ៕ 

ដោយ ៖ អេង ប៊ូឆេង

To Top