ព័ត៌មានជាតិ

គយ បង្ហាញមុខទំនិញមានប្រភពដើមពីថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជា មានបន្លែ ផ្លែឈើ, ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញមុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជា បន្លែ និងផ្លែឈើ, ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។

យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា មុខទំនិញ ជាប់បម្រាមនាំចូលមកកម្ពុជា រួមមាន ៖ បន្លែ និងផ្លែឈើ, ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។ មុខទំនិញក្នុងចំណុច ខ ដូចជា ៖ ១. ប្រេងសាំង (Gasoline) ២. ប្រេងម៉ាស៊ូត (Diesel) ៣. ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG) ៤. ប្រេងខ្មៅ (Fuel oil) និង៥. ប្រេងសាំងយន្តហោះ (Jet-A1)។

ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញក្នុងចំណុច ក និង ខ ខាងលើ មិនមែនជាកម្មវត្ថុនៃការ ហាមឃាត់ការនាំចូលទេ។ អាជីវករ/ពាណិជ្ជករ នៅបន្តនាំចូលបានជាធម្មតាដោយបំពេញបែបបទ និងនីតិវិធីកំណត់ ដោយលិខិតបទដ្ឋានជាធរមាន។

ចំពោះតម្រាយផ្លូវ និងមធ្យោបាយដឹកជញ្ជូនទំនិញនាំចូលមកកម្ពុជា អាជីវករ/ពាណិជ្ជករអាចប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជា ឯកតោភាគីដោយយោធាថៃ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពជូនអាជីវករ/ពាណិជ្ជករ ធុរជននិង សាធារណជនអំពីស្ថានការ និងការវិវត្តនានាពាក់ព័ន្ធនឹងវិធានការខាងលើនេះ៕

To Top