ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត បញ្ជាទៅមន្រ្តីក្រោមឱវាទ ត្រូវចេញប្រតិបត្តិការ បង្រ្កាបបទល្មើសបច្ចេកវិទ្យាជាបន្ទាន់ មិនត្រូវឲ្យកើតមានភាពថ្លោះធ្លោយឡេីយ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បញ្ជាទៅដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវចេញប្រតិបត្តិការបង្រ្កាបបទល្មើសបច្ចេកវិទ្យា (Online Scams) ជាបន្ទាន់មិនត្រូវឲ្យកើតមានភាព ថ្លោះធ្លោយជាដាច់ខាត ជាពិសេសត្រូវបង្កើតកម្លាំង ជំនាញស្ដង់ដារ SOP ដើម្បីចុះប្រតិបត្តិការ បង្រ្កាបបទល្មើសនេះ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់បទបញ្ជាស្តីពីយុទ្ធនាការ បោសសម្អាតបទឧក្រិដ្ឋឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស។

ថ្លែងនៅក្នុងកិច្ចប្រជុំបូក សរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារ បន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ បានមានប្រសាសន៍ណែនាំដល់ស្នងការនគរបាលរាជធានី-ខេត្ត ពិសេសនាយកដ្ឋាន-អង្គភាព ជំនាញត្រូវបន្តចាត់វិធានការបច្ចេកទេសដើម្បីបិទវេបសាយ ទាក់ទងទៅនឹងការផ្សព្វផ្សាយ ក៏ដូចជាការលេងល្បែងអនឡាញ នៅកម្ពុជា ហើយត្រូវបង្កើន ការយកចិត្តទុកដាក់ និង ទទួលខុសត្រូវខ្ពស់ ក្នុងដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវរួមសហការគ្នាបង្កើត ក្រុមការងារកម្រិត ស្ដង់ដារ SOP ដើម្បីចុះប្រតិបត្តិការ ត្រួតពិនិត្យ ស្រាវជ្រាវ និងបង្រ្កាបក្រុមប្រព្រឹត្តិបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញ គ្រប់ប្រភេទឱ្យអស់ នៅទូទាំងប្រទេស ដោយមិនត្រូវបណ្ដែតបណ្ដោយ ឲ្យក្រុមទាំងអស់នេះត្រឡប់មកប្រព្រឹត្តិបទ ល្មើសនេះវិញជាដាច់ខាត ។

ជាមួយគ្នា នាយឧត្តមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ ក៏បានក្រើនរំលឹកដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវអនុវត្តកិច្ចការងារ ខាងលើនេះ ឲ្យទទួលបានជោគជ័យ ស្របទៅតាមបទបញ្ជា លេខ០១ របស់រាជរដ្ឋាភិបាលស្ដីពីបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីយុទ្ធនាការបោស សម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្ដីណែនាំនានា ដែលរាជរដ្ឋាភិបាលបានដាក់ចុះឲ្យអនុវត្តផងដែរ។

បន្ថែមពីលើកកិច្ចការទាំងអស់នេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំដល់មន្រ្តីប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបង្កើនកិច្ចសហការ ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងក្រៅស្រុកល្បីៗ ដើម្បីធ្វើការបំភ្លឺ និងឆ្លើយបន្ទាន់ចំពោះការចោទប្រកាន់ លាភពណ៌ បំភ្លៃការពិត និងដាក់បន្ទុក នៃព្រឹត្តិការណ៍បទល្មើសផ្សេងៗមកលើកម្ពុជាពីសំណាក់ភាគីថៃ។ ទន្ទឹមនឹងនេះ ត្រូវកោះអញ្ជើញមន្រ្តីស្ថានទូតនានានៅកម្ពុជា ដើម្បីពន្យល់បន្ថែមពីសភាព ការណ៍បទល្មើស ដែលកើតឡើងពិតប្រាកដនៅកម្ពុជា ជូនទៅដល់មន្រ្តីស្ថានទូត បានជ្រាបកាន់តែច្បាស់កុំ ឲ្យមានការភាន់ច្រឡំ ។

យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៦ខែ ឆមាសទី១ ឆ្នាំ២០២៥នេះ សមត្ថកិច្ចពាក់ព័ន្ធ បង្រ្កាបបទល្មើសបច្ចេកវិទ្យា (Online Scams) ចំនួន ១៨លើក នៅរាជធានី-ខេត្តចំនួន១០ ដោយឃាត់ខ្លួនមនុស្ស ២.៤១៨នាក់ ក្នុងនោះកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៧៣នាក់ និងបណ្ដេញចេញ ២.៣២២នាក់ ដែលមានអ្នកប្រព្រឹត្តិបទស្មើសជាជនជាតិខ្មែរ ,ចិន ,ថៃ ,មីយ៉ាន់ម៉ា ,វៀតណាម , ឡាវ, ឥណ្ឌា ,ប៉ាឡេស្ទីន , ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាដើម៕

To Top