ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងជំទាវបណ្ឌិត អញ្ជើញសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលផ្កាឈូក របស់អង្កការមូលនិធិកុមារកម្ពុជា ក្រុងតាខ្មៅ

កណ្ដាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលផ្កាឈូក របស់អង្កការមូលនិធិកុមារកម្ពុជា ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

អង្កការមូលនិធិកុមារកម្ពុជា ជាអង្គភាពការពារកុមារ មានទស្សនវិស័យមួយ គឺដើម្បីផ្តល់ឱ្យកុមារគ្រប់រូបនៅក្នុងប្រទេសកម្ពុជា នូវសិទ្ធិជាមូលដ្ឋាន ទទួលបានបរិយាកាសមួយ​ ដែលមានសុវត្ថិភាព និងការថែទាំ ដើម្បីទទួលបាននូវការលូតលាស់។ ហើយក៏ជាដៃគូតែមួយគត់ របស់នគរបាលជាតិកម្ពុជា ដែលបានចាប់ផ្តើមការងាររបស់ខ្លួន នៅឆ្នាំ២០១៣ ជាមួយនឹងការសន្យាមួយ ជួយដល់កុមាររងគ្រោះ ដោយការរំលោភបំពាន នូវសេវាកម្ម ដែលមានកម្រិតខ្ពស់បំផុត។

មជ្ឈមណ្ឌលផ្កាឈូក ត្រូវបានបង្កើតឡើងជាពិសេស ដើម្បីផ្តល់នូវសេវាកម្មដែលមានកម្រិតខ្ពស់ ទៅដល់កុមាររងគ្រោះ នៅក្នុងបរិយាកាសមួយ ដែលមានសុវត្ថិភាព ការថែទាំ និងការគាំទ្រ។  ការរចនារបស់មជ្ឈមណ្ឌលនេះ ត្រូវបានទទួលការកោតសរសើរ ពីដៃគូអន្តរជាតិ ហើយត្រូវបានគេពិពណ៌នាថា ជាគំរូរួមមួយ ដែលអាចយកទៅចម្លងជាអន្តរជាតិ៕

To Top