ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យប្រជាពលរដ្ឋជាច្រើននាក់ ពុលនំបញ្ចុក កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកកោះសូទិន

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បានពុលនំបញ្ចុក ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ។

បើតាម លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិនបានឲ្យដឹងថា ករណីប្រជាពលរដ្ឋពុលនំបញ្ចុកនេះ មានប្រមាណជា ៥៩ នាក់ ប៉ុន្តែក្នុងនោះ ប្រជាពលរដ្ឋដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកុសទិន មានចំនួន ២១ នាក់ប៉ុណ្ណោះ ដោយសារក្រៅពីនោះ ត្រូវបានព្យាបាលនៅផ្ទះ ឬនៅតាមពេទ្យឯកជន ។

លោកអភិបាលស្រុកបានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ ប្រជាពលរដ្ឋដែលបានពោលនំបញ្ចុកជាច្រើននាក់បានធូរសះស្បើយអស់ហើយ នៅសេសសល់តិចតួច ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះសុទិន ដោយករណីនេះមិនមានប្រជាពលរដ្ឋណាប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតនោះទេ។

គួររំលឹកផងដែរថា ករណីពុលនំបញ្ចុកនេះ បានកើតឡើងកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីប្រជាពលរដ្ឋទិញនំបញ្ចុកពីអ្នកលក់តាមភូមិ ដែលពួកគេបានទិញពីអ្នកផលិតម្នាក់ នៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដេីម្បីទៅលក់បន្ត។

បើតាមការរៀបរាប់របស់អ្នកជំងឺ ថា ពួកគាត់បានទិញនំបញ្ចុកពីអ្នកលក់តាមភូមិនៅតំបន់ផ្សេងៗ ដូចជាភូមិវាល ទួលកំពត ទួលធាតុ ទួលក្តុល ផ្សារថ្មី ប៉ាក់ណាម និងដំណាក់ស្វាយ។ បន្ទាប់ពីទទួលទានបានប្រហែល ២ ម៉ោង ពួកគាត់ចាប់ផ្តើមមានអាការៈក្អួត រាគជាច្រើនលើក និងខ្សោយកម្លាំង ដែលជាសញ្ញាច្បាស់នៃការពុលអាហារ។ អាការៈទាំងនេះបានបង្ខំឱ្យអ្នកជំងឺជាច្រើនត្រូវស្វែងរកការព្យាបាលជាបន្ទាន់ផងដែរ៕

To Top