ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានបញ្ជាក់ថា លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក បានឯកភាពឱ្យសហរដ្ឋអាមេរិក ចូលរួមក្នុងដំណើរការត្រួតពិនិត្យ ការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា។
តាមរយៈបណ្តាញសង្គម នារាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានថ្លែងថា ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ដោយជោគជ័យ នៅប្រទេសម៉ាឡេស៊ី សម្តេច នបានទទួលទូរសព្ទពីលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយទាក់ទងមកផ្ទាល់ ដើម្បីអបអរសាទរនូវជោគជ័យ នៃកិច្ចចរចារបញ្ចប់ការឈប់បាញ់គ្នាភ្លាម រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ កាលពីល្ងាចមិញនេះ។
ក្នុងនោះសម្តេចធិបតី បញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក ចាត់ទុកកិច្ចការនេះ ជាកិច្ចការសំខាន់ ហើយដែលលោកតាមដានដោយផ្ទាល់។
ឆ្លៀតក្នុងឱកាសនេះ សម្តេចបានសម្ដែងការអរគុណសារជាថ្មីចំពោះប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើមនិងជំរុញឲ្យមានការចរចារ ការឈប់បាញ់ឲ្យបានឆាប់រហ័ស និងឲ្យគោលការណ៍សហរដ្ឋអាមេរិក ធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេស នៅប្រទេសម៉ាឡេស៊ីថ្ងៃនេះ។
ក្នុងនោះ សម្តេចធិបតី បញ្ជាក់បន្ថែមថា ប្រធានាធិបតីអាមេរិក យល់ថា ដើម្បីឲ្យកិច្ចព្រមព្រៀងនេះ អាចអនុវត្តទៅដោយពេញលេញនិងមាននិរន្តរភាព ចាំបាច់ត្រូវមានយន្តការតាមដាន និងត្រួតពិនិត្យការអនុវត្ត របស់ភាគីពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដែលនេះក៏ជាចំណុចឯកភាពគ្នាមួយ នៅក្នុងកិច្ចប្រជុំពិសេសផងដែរ។
ក្នុងន័យនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី អះអាងថា លោកប្រធានាធិបតីបានឯកភាព ឲ្យសហរដ្ឋអាមេរិក ចូលរួមក្នុងដំណើរការត្រួតពិនិត្យ ការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា និងបន្តសហការជាមួយយន្តការ ដែលរៀបចំដោយម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យឲ្យបានជោគជ័យ។
បន្ថែមលេីនេះ ប្រធានាធិបតីអារិក ចាត់ទុកថាកិច្ចការងារនេះជាកិច្ចការពិសេសសំខាន់ ដែលលោកចង់ឃើញនូវសន្តិភាពមួយដែលមានជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ៕
