ព័ត៌មានជាតិ

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧបត្ថម្ភថវិកា សាមសិបម៉ឺនដុលា្លរអាមេរិក បន្ថែមតាមរយៈរាជរដ្ឋាភិបាលជាជំនួយដល់វីរកងទ័ពជួរមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ដើម្បីបង្ហាញពីការដឹងគុណ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហាន ក្រុមហ៊ុនហនុមានបានប្រកាសឧបត្ថម្ភថវិកាជាលើកទី២តាមរយៈរាជរដ្ឋាភិបាលចំនួន US$300,000 បន្ថែមទៀត បន្ទាប់ពីការបរិច្ចាគលើកទី 1 ចំនួន 200លានរៀល (ស្មើនឹង ៥ម៉ឺនដុល្លារ) កាលពីថ្ងៃទី០2 មិថុនា 2025។ សរុបថវិកាទាំងពីរលើក ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានឧបត្ថម្ភចំនួន $350,000(សាមសិបប្រាំម៉ឺនដុល្លារអាមេរិក) ។

ការឧបត្ថម្ភនេះ គឺជាការយកចិត្តទុកដាក់ប្រកបដោយស្មារតីសាមគ្គីភាពជាតិយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំ និងបុគ្គលិក ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ជាមួយវីរកងទ័ពកម្ពុជាយើង ដែលកំពុងតែបំពេញភារកិច្ចការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនកម្ពុជា–ថៃ ហើយក៏ជាការបញ្ជាក់នូវស្មារតី “ខ្មែរស្រលាញ់ខ្មែរ” ដែលជាប្រភពនៃភាពរឹងមាំក្នុងសង្គមជាតិយើង និងបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។

វីរកងទ័ពជួរមុខសុខចិត្តពលីជីវិត លះបង់សុភមង្គលគ្រួសារ ចាកចេញឆ្ងាយពីមនុស្សជាទីស្រលាញ់ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិមាតុភូមិជាទីស្នេហារបស់យើង។
យើងទាំងអស់គ្នាមានមោទនភាពយ៉ាងខ្លាំង ដោយក្នុងរយៈពេលមានសង្គ្រាមជាមួយសត្រូវឈ្លានពាននេះ ប្រជាពលរដ្ឋយើងទូទាំងប្រទេសបានបង្ហាញនូវស្មារតីឯកភាពជាតិ រួបរួមសាមគ្គីគ្នានៅសមរភូមិខាងក្រោយដោយចូលរួមថវិកាផ្ទាល់ខ្លួន ផ្តល់ការគាំទ្រទាំងស្មារតី និងសម្ភារ ផ្គត់ផ្គង់ស្បៀងដល់វីរកងទ័ពជួរមុខ និងផ្តល់អំណោយមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកយ៉ាងផុលផុសជាទីបំផុត។

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក៍ដូចជាប្រជាជនទូទាំងប្រទេស សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតដល់ថ្នាក់ដឹកនំាកំពូល ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសជាតិយ៉ាងឈ្លៀសវៃប្រកបដោយគតិបណ្ឌិត រហូតនាំយកការឈប់បាញ់គ្នា និងសន្តិភាពជូនប្រទេសជាតិ ។

ថ្នាក់ដឹកនាំ និង បុគ្គលិកទាំងអស់ នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស សូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដួងព្រលឹងនៃបុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយតាមថែរក្សាការពារវីរៈកងទ័ពកម្ពុជាយើង សូមមានសុខសុវត្ថិភាព សុខភាពរឹងប៉ឹង កំលាំងមាំមួនដើម្បីបន្តការពារបូរណភាពទឹកដី ទទួលបានជ័យជំនះលើខ្មាំងសត្រូវឈ្លានពានឱ្យវិនាសខ្ចាត់ខ្ចាយ ពីទឹកដីសុវណ្ណភូមិជាទីស្នេហារបស់យើងកុំបីខាន។

To Top