បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថាកំពុងលេង នឹងល្បែងស្តីបន្ទោសដែលគ្មានន័យ ហើយបានអំពាវនាវឱ្យអាមេរិក បញ្ឈប់ការបង្វែរការទទួលខុសត្រូវជុំវិញជម្លោះអ៊ុយក្រែន។
ថ្លែងនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ បេសកជនចិនលោក Geng Shuang បានច្រានចោលការចោទប្រកាន់ថាទីក្រុងប៉េកាំងកំពុងគាំទ្រយោធារបស់រុស្ស៊ី ហើយបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ដើរតួនាទីជាស្ថាបនា ក្នុងការបញ្ចប់ការប្រយុទ្ធមួយនេះ។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីការកំណត់កាលបរិច្ឆេទកាន់តែខ្លាំងឡើងពីប្រធានាធិបតីអាមេរិក Donald Trump។ កាលពីខែមុន លោក Trump បានផ្តល់ពេលដល់ប្រទេសរុស្ស៊ីចំនួន៥០ ថ្ងៃដើម្បីបញ្ចប់ជម្លោះ ឬប្រឈមមុខនឹងការដាក់ទណ្ឌកម្មថ្មី រួមទាំងពន្ធ ១០០ភាគរយនិងការពិន័យសម្រាប់ដៃគូពាណិជ្ជកម្មរបស់ខ្លួនទាំងឡាយផង។
គួរឲ្យដឹងដែរថាកាលពីដើមសប្តាហ៍កន្លងមកនេះ លោកបានកាត់បន្ថយពេលវេលាមកត្រឹមតែ ១០ ថ្ងៃ។ កាលពីថ្ងៃពុធ លោកបានកំណត់យកថ្ងៃទី ៨ ខែសីហា ជាថ្ងៃកំណត់ចុងក្រោយហើយជាលទ្ធផល សហរដ្ឋអាមេរិកបានដាក់ពន្ធ២៥ភាគរយរួចទៅហើយដើម្បីប្រឆាំងនឹងដៃគូរបស់រុស្សីដែលក្នុងនោះឥណ្ឌាជាអ្នកដំបូងគេដែលបច្ចុប្បន្នកំពុងបញ្ជាទិញអាវុធ និងថាមពលរបស់រុស្ស៊ី៕
ប្រែសម្រួល៖ ស៊ុន លី
