ព័ត៌មានអន្តរជាតិ

ចិន ឈរនៅខាងប្រេស៊ីលប្រឆាំងនឹង “ការគំរាមកំហែង” របស់អាមេរិក

xinhua

បរទេស៖ ប្រទេសចិនបានរិះគន់សហរដ្ឋអាមេរិក ជុំវិញការសម្រេចចិត្តក្នុងការដាក់ពន្ធ “គ្មាននិរន្តរភាព” លើប្រេស៊ីល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា វិធានការដាក់ទណ្ឌកម្មត្រូវបានណែនាំ ដោយប្រធានាធិបតីអាមេរិក Donald Trump ជាការឆ្លើយតបដែលប្រេស៊ីលកាត់ទោស អតីតប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro និងការបន្តកិច្ចសហប្រតិបត្តិការ របស់ប្រទេសក្នុងក្រុមសេដ្ឋកិច្ច BRICS ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយថា ទីក្រុងប៉េកាំង “គាំទ្រយ៉ាងមុតមាំប្រេស៊ីលក្នុងការការពារអធិបតេយ្យភាពជាតិ និងសេចក្តីថ្លៃថ្នូរជាតិរបស់ខ្លួន” និង “ប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅដែលមិនមានការធានា នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសប្រេស៊ីល” ។

លោកបានបន្ថែមថា ប្រទេសចិនគាំទ្រប្រទេសប្រេស៊ីលក្នុង “ការទប់ទល់នឹងការដាក់ទណ្ឌកម្មលើវិធានការពន្ធគយ” និងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមបណ្តាប្រទេសខាងត្បូងសកល ជាពិសេសតាមរយៈក្របខ័ណ្ឌ BRICS ។

លោក Wang ក៏បានសន្ទនាតាមទូរស័ព្ទជាមួយ Celso Amorim ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva ដោយប្រាប់គាត់ថា “ការប្រើពន្ធជាអាវុធដើម្បីគាបសង្កត់ប្រទេសផ្សេងទៀត រំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ ធ្វើឱ្យខូចដល់ច្បាប់របស់ WTO ហើយមិនពេញនិយម និងមិនមាននិរន្តរភាព” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top