ព័ត៌មានជាតិ

លោក ប៉ែន បូណា៖ កុំថាឡើយពលរដ្ឋកម្ពុជា និងអន្តរជាតិ សូម្បីពលរដ្ឋថៃខ្លួនឯង ក៏លែងជឿព័ត៌មានដែលបញ្ចេញដោយរដ្ឋាភិបាល និងកងទ័ពថៃដែរ

ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការកត់សម្គាល់ថា មានព័ត៌មានក្លែងក្លាយច្រើនណាស់ ចេញមកពីភាគីថៃ ខណៈដែលព័ត៌មានមិនពិត និងភូតកុហក់ទាំងអស់នោះ មិនផ្តល់ផលប្រយោជន៍អ្វីទេ ព្រោះកុំថាឡើយប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ ដែលមិនជឿ សូម្បីតែប្រជាពលរដ្ឋថៃខ្លួនឯងភាគច្រើន ក៏មានមន្ទិលសង្ស័យទៅលើព័ត៌មាន ដែលបញ្ចេញដោយរដ្ឋាភិបាល និងកងទ័ពថៃដែរ ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី វេលាម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ លោក ប៉ែន បូណា បានគូសបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃការអនុវត្ត កិច្ចព្រមព្រៀងឈប់បាញ់ ដែលចូលជាធរមាន កាលពីពាក់កណ្តាលអាធ្រាត្រ ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥មកនេះ កម្ពុជា ក្នុងនាមជាប្រទេសស្រលាញ់ និងការពារសន្តិភាព បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវបទឈប់បាញ់នេះ ដោយរក្សាភាពស្ងៀមស្ងាត់ និងការអត់ធ្មត់ខ្ពស់បំផុត ។

ជាមួយគ្នានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានសង្កេតឃើញថា មានព័ត៌មានក្លែងក្លាយច្រើនណាស់ ដែលចេញមកពីភាគីថៃ ជាព័ត៌មានភូតកុហក់ នៅក្នុងអំឡុងពេលដែលកំពុងអនុវត្តបទឈប់បាញ់ ។

ក្នុងនោះ លោក ប៉ែន បូណា មានប្រសាសន៍ថា “អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា កត់សម្គាល់ឃើញថា ព័ត៌មានមិនពិត និងភូតកុហក់ទាំងអស់នោះ មិនផ្តល់ផលប្រយោជន៍អ្វីទេ ព្រោះកុំថាឡើយប្រជាពលរដ្ឋខ្មែរ ហើយនិងសហគមន៍អន្តរជាតិ ដែលមិនជឿលើព័ត៌មានទាំងនោះ ប៉ុន្តែសូម្បីតែប្រជាពលរដ្ឋថៃខ្លួនឯងភាគច្រើន ក៏មានមន្ទិលសង្ស័យទៅលើព័ត៌មានដែលបញ្ចេញដោយរដ្ឋាភិបាល និងកងទ័ពថៃដែរ ហើយកំពុងតែនាំគ្នាចោទសួរ” ។

បន្ថែមលើនេះ អ្នកនាំពាក្យរូបនេះ ក៏បានឱ្យភាគីថៃបង្ហាញសុច្ឆន្ទៈនិងការប្តេជ្ញាចិត្ត គោរពកិច្ចព្រមព្រៀងឈប់បាញ់ដោយស្មោះត្រង់ ដើម្បីរក្សាសន្តិភាព នៅក្នុងប្រទេសទាំងពីរ និងដើម្បីជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា-ថៃផងដែរ៕

To Top