ព័ត៌មានអន្តរជាតិ

លោក Rubio ចោទថាលោក Macron គឺជាអ្នក ដែលបានធ្វើឲ្យខូចខាត ដល់កិច្ចខិតខំប្រឹងប្រែង ចរចារវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Marco Rubio បានស្តីបន្ទោសការប្រកាស របស់បារាំង លើការទទួលស្គាល់ រដ្ឋប៉ាឡេស្ទីន ចំពោះការដួលរលំ នៃកិច្ចចរចាបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

លោកRubio បានអះអាងនៅក្នុងបទសម្ភាសន៍ ជាមួយបណ្តាញទូរទស្សន៍ Eternal Word កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមប៉ាឡេស្ទីនត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំង មួយរយៈចុងក្រោយនេះ ដោយការសម្រេចចិត្ត របស់ប្រធានាធិបតីបារាំង Emmanuel Macron ។

លោក Macron បានប្រកាសថាប្រទេសរបស់លោក នឹងទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋ នៅក្នុងសេចក្តីថ្លែងការណ៍ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅថ្ងៃទី X កាលពីខែមុនដោយបន្ថែមថា លោកនឹងធ្វើដូច្នេះជាផ្លូវការ នៅឯមហាសន្និបាតអង្គការ សហប្រជាជាតិ ក្នុងខែកញ្ញានៅទីក្រុងញូវយ៉ក ។ បារាំង​នឹង​ក្លាយ​ជា​ប្រទេស G7 ដំបូង​គេ ឬ​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​ដែល​ធ្វើ​ដូច្នេះ ។

ក្រោយមកគេសង្កេតឃើញ មានចក្រភព​អង់គ្លេស និង​កាណាដា​បាន​ដើរ​ តាម​ការ​ដឹក​នាំ​របស់​ទីក្រុង​ប៉ារីស​ ដែលយ៉ាងណាក្តីវាបានបណ្តាល ឲ្យ​មាន​ការ​រិះគន់​ពី​អាមេរិក និង​អ៊ីស្រាអែលយ៉ាងខ្លាំង។

លោកRubio បានអះអាងថាការពិភាក្សា ជាមួយក្រុមហាម៉ាស បានបែកបាក់គ្នានិងបំផ្លាញ នៅថ្ងៃដែល លោកMacron បានធ្វើការសម្រេចចិត្តឯកតោភាគីថា គាត់នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។

គួរឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍របស់លោក Macron បានកើតឡើង ចំពេលមានការខិតខំប្រឹងប្រែង របស់រដ្ឋបាលប្រធានាធិបតី អាមេរិក Donald Trump ដើម្បីបញ្ចប់អរិភាព រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ នៅក្នុងតំបន់ហ្គាហ្សាមួយនេះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top