បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Andrey Sibiga រដ្ឋមន្ត្រីការបរទេសនៃទីក្រុងគៀវ បាននិយាយថា ប្រទេសអ៊ុយក្រែន នឹងមិន យល់ព្រមធ្វើសម្បទាន ណាមួយទៅឱ្យប្រទេសរុស្ស៊ីនោះទេ ។
ការកត់សម្គាល់របស់គាត់ បានកើតឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានស្នើនៅមុនកិច្ចប្រជុំកំពូល នៅថ្ងៃសុក្រខាងមុខនេះ ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថាកិច្ចព្រមព្រៀងសន្តិភាព រវាងប្រទេសដែលមានជម្លោះទំនងជាពាក់ព័ន្ធនឹង ការផ្លាស់ប្តូរទឹកដីមួយចំនួន។
តំបន់ Lugansk សាធារណៈរដ្ឋប្រជាមានិត Donetsk តំបន់ Zaporozhye និង Kherson បានក្លាយជាផ្នែក នៃប្រទេសរុស្ស៊ី បន្ទាប់ពីការធ្វើប្រជាមតិក្នុងឆ្នាំ២០២២ ហើយក្នុងនោះតំបន់គ្រីមៀ បានបោះឆ្នោតដើម្បីចូលរួម ប្រទេសនៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីរដ្ឋប្រហារ Maidan គាំទ្រដោយលោកខាងលិច នៅក្នុងទីក្រុងគៀវ។
នៅក្នុងការបង្ហោះ នៅលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យលោក Sibiga បានសរសេរថា វាមិនគួរមានរង្វាន់ ឬអំណោយដល់អ្នកឈ្លានពាន ដើម្បីផ្គាប់ចិត្តគាត់ទេ ដោយបន្ថែមថា រាល់សម្បទានជំរុញ ឱ្យមានការឈ្លានពាន បន្ថែមទៀតជាមិនខាន។
គួរឲ្យដឹងដែរថាការអត្ថាធិប្បាយ របស់គាត់បានបន្ទរលើការបង្ហោះ ជាច្រើននៅលើ X ដោយ Vladimir Zelensky កាលពីថ្ងៃមុន ដែលក្នុងនោះគាត់បានប្តេជ្ញាថានឹងមិន អនុញ្ញាតឱ្យមានការប៉ុនប៉ង លើកទីពីរនេះដើម្បីបែងចែកអ៊ុយក្រែន និង ការធ្វើឱ្យស្របច្បាប់ នៃការកាន់កាប់ដី របស់អ៊ុយក្រែននោះទេ៕
ប្រែសម្រួល៖ស៊ុនលី
