ភ្នំពេញ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កម្ពុជា សង្ឃឹមថា ភាគីថៃ នឹងប្រកាន់គោលជំហរដូចគ្នា ប្រកបដោយភាពស្មោះត្រង់ ដើម្បីឈានទៅបញ្ចប់ការ ប្រឈមមុខដាក់គ្នាទាំងស្រុង ដើម្បីស្តារមកវិញនូវសន្តិភាព ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្ត បទឈប់បាញ់រវាងកម្ពុជា-ថៃ » នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា កម្ពុជា ប្រកាន់យកនូវគោលជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួន ក្នុងការរកដំណោះស្រាយដោយសន្តិវិធី និងប្រកាន់គោលការណ៍សន្តិភាពជាធំ និងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ។
ក្នុងនោះ កម្ពុជា សង្ឃឹមថា ភាគីថៃ នឹងប្រកាន់គោលជំហរដូចគ្នា ប្រកបដោយភាពស្មោះត្រង់ ដើម្បីឈានទៅបញ្ចប់ការ ប្រឈមមុខដាក់គ្នាទាំងស្រុង ដើម្បីស្តារមកវិញនូវសន្តិភាព ប្រក្រតីភាពនិងប្រជាពលរដ្ឋ នៃប្រទេសទាំងពីរអាចរស់នៅ ក្នុងសុខសន្តិភាព ។
បន្ថែមលើនេះ អ្នកនាំពាក្យ ក្រសួងការពារជាតិ បញ្ជាក់ប្រាប់ភាគីថៃថា បញ្ហាព្រំដែន មិនអាចកែប្រែ តាមរយៈការ ប្រើប្រាស់កម្លាំង ជាដាច់ខាត ហើយបញ្ហាព្រំដែន ត្រូវតែដោះស្រាយ តាមរយៈយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ៕
