ព័ត៌មានជាតិ

ក្រសួងការងារ នាំយកឱកាសការងារជិត ១ពាន់កន្លែង ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលទើបត្រឡប់មក ពីប្រទេសថៃ នៅក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ លោក​ សាន គីមហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិក ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ និងលោក យឹម សំណាង អភិបាលរង ខេត្តបន្ទាយមានជ័យ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីនាំយកឱកាស ការងារជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនោះ ក្រុមការងាររបស់ក្រសួង បានផ្សព្វផ្សាយអំពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ជូនដល់អ្នកចូលរួមប្រមាណ ១ ២០០នាក់ ក្នុងឃុំទឹកជោរ និងឃុំប្រាសាទ នៃស្រុកព្រះនេត្រព្រះ ព្រមទាំង ឃុំពន្លៃ និងឃុំភ្នំដី នៃស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ក្នុងនោះ បងប្អូនប្រជាពលរដ្ឋចំនួន ២១២នាក់បានទទួលការងារភ្លាមៗពីក្រុមហ៊ុនធំៗ ដែលមានតម្រូវការកម្លាំងពលកម្មជិត ១ពាន់កន្លែង៕

To Top