សៀមរាប ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំ«វេទិកាការងារ» ដើម្បីនាំយកព័ត៌មានឱកាសការងារចំនួន ១ ៨៥០កន្លែងទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ នៅឃុំស្ពានត្នោត ឃុំល្វែងឬស្សី ឃុំគោកធ្លកក្រោម និងឃុំគោកធ្លកលើ ស្រុកជីក្រែង ក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥។

ការបើកវេទិកាការងារនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃមកចូលរួមចំនួន ៩៩៦នាក់ និងមានអ្នកទទួលបាន ឱកាសការងារភ្លាមៗចំនួន ១៨៥នាក់ពីក្រុមហ៊ុនធំៗចំនួន៤ ដែលកំពុងមានតម្រូវ ការកម្លាំងពលកម្ម។

លើសពីនេះ មន្រ្តីក្រសួង ក៏បានផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ៕







