ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសតម្លើងពន្ធលើការនាំចូលនាំមាស, ស្វីសគឺជាមជ្ឈមណ្ឌលចម្រាញ់មាស ដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកនាំចេញដ៏ធំបំផុត ទៅកាន់សហរដ្ឋអាមេរិក

RT News

បរទេស៖ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសុក្រ ដោយដកស្រង់សេចក្តីជូនដំណឹងពីគយ និងការការពារព្រំដែន (CBP) ថា សហរដ្ឋអាមេរិកបានដាក់ពន្ធលើការនាំចូលដុំមាស ។ អ្នកវិភាគនិយាយថា ការសម្រេចចិត្តនេះអាចធ្វើឲ្យប៉ះពាល់ដល់ វិស័យចម្រាញ់មាសរបស់ប្រទេសស្វីស និងធ្វើឲ្យរង្គោះរង្គើដល់ទីផ្សារមាសដុំពិភពលោកផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា យោងតាមកាសែត Financial Times ដែលបានចេញផ្សាយរឿងនេះដំបូងគេ គយ និងការការពារព្រំដែន (CBP) បានលើកឡើងនៅក្នុងលិខិតសម្រេចថ្ងៃទី ៣១ ខែកក្កដាថា ដុំមាសទម្ងន់ ១ គីឡូក្រាម និង ១០០ អោន ទម្រង់ដែលត្រូវបានជួញដូរញឹកញាប់បំផុត ដែល គួរតែស្ថិតនៅក្រោមលេខកូដគយដែលនឹងត្រូវតម្លើងពន្ធគយ។

គម្រោងតម្លើងពន្ធលើដុំមាសដែលបានរាយការណ៍ ស្ថិតក្រោមពន្ធថ្មីរបស់ប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានកំណត់គោលដៅដៃគូពាណិជ្ជកម្មជាច្រើន រួមទាំងប្រទេសស្វីសផងដែរ។

លោក Trump បានដាក់ពន្ធ 39% លើទំនិញរបស់ប្រទេសស្វីសកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីបានបដិសេធការផ្តល់ជូនរបស់រដ្ឋាភិបាលទីក្រុង Bern នូវពន្ធ 10% ជាថ្នូរនឹងទឹកប្រាក់បណ្តាក់ទុក ១៥០ ពាន់លានដុល្លារក្នុងការវិនិយោគ នៅក្នុងសហរដ្ឋអាមេរិក។

នៅពេលដែលយុទ្ធនាការពន្ធបានចាប់ផ្តើមនៅក្នុងខែមេសា ទំនិញមួយចំនួន – រួមទាំងប្រភេទដុំមាសមួយចំនួន – ត្រូវបានលើកលែង។ សេចក្តីសម្រេចរបស់ គយ និងការការពារព្រំដែនអាមេរិក ដែលបានចេញជាការឆ្លើយតបទៅនឹងសំណើ របស់រោងចក្រចម្រាញ់របស់ប្រទេសស្វីស បាននិយាយថា ដុំមាស ១គីឡូ និង ១០០ អោនត្រូវបានចាត់ទុកថា ជាទំនិញ “ពាក់កណ្តាលផលិត” ជាជាង “មាសដែលមិនទាន់កែច្នៃ និងមិនមែនរូបិយវត្ថុ” ដែលជាប្រភេទលើកលែងតែមួយគត់។

ស្វីសគឺជាមជ្ឈមណ្ឌលចម្រាញ់មាស ដ៏ធំបំផុតរបស់ពិភពលោក ហើយដុំមាសគឺជាការនាំចេញដ៏ធំបំផុតមួយ របស់ស្វីសទៅកាន់សហរដ្ឋអាមេរិក។

ពាណិជ្ជករបានប្រាប់សារព័ត៌មាន Bloomberg ថា វាមិនច្បាស់ទេថាតើពន្ធគយបានចូលជាធរមានឬយ៉ាងណា។ អ្នកខ្លះបាននិយាយថា CBP ប្រហែលជាមានកំហុស ដោយហៅការសម្រេចចិត្តនេះថា “គួរឱ្យភ្ញាក់ផ្អើល” ហើយទំនងជាប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top