អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ស្មារតីប្រកបដោយសន្តិភាព និយមរបស់កម្ពុជា កំពុងទទួលបានការគាំទ្រកាន់តែខ្លាំង ពីបណ្តាមេដឹកនាំពិភពលោក

ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ស្មារតីប្រកបដោយសន្តិភាពនិយមរបស់កម្ពុជា កំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើង ពីបណ្តាមេដឹកនាំនៅក្នុងពិភពលោក ។
ក្នុងសន្និសីទព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា មេដឹកនាំនៃបណ្តាប្រទេស ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន រាប់ទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផង បានសម្តែងការគាំទ្រ បទឈប់បាញ់ ហើយប្រាថ្នាចង់ឃើញ សុខសន្តិភាពកើតឡើង រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។
លោក ប៉ែន បូណា បានរំលឹកថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើជម្លោះព្រំដែនកម្ពុជា-ថៃ និងបានសម្តែងការស្វាគមន៍ ចំពោះបទឈប់បាញ់ រវាងកងទ័ពនៃប្រទេសទាំងពីរ ហើយបានជំរុញឱ្យស្ថានភាព វិលទៅរកប្រក្រតីភាពឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ។
ក្នុងនោះ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា អគ្គលេខាធិការអង្គការ សហប្រជាជាតិ បានទទួលយកសំណើ របស់កម្ពុជាដែល ក្នុងការជំរុញឱ្យភាគីទាំងពីរ ជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែន ដែលមិនទាន់ដាច់ស្រេច ហើយជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ ដោយលោក António Guterres ក៏សូមឱ្យមានការដោះស្រាយ បញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់ យន្តការព្រំដែន ដែលមានស្រាប់ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC ដោយផ្អែកលើមូលដ្ឋាន នៃកិច្ចព្រមព្រៀងប្រទេសទាំងពីរ ដែលមានជាធរមាន ព្រមទាំងសន្ធិសញ្ញាពាក់ព័ន្ធ និងផ្អែកលើច្បាប់អន្តរជាតិ ។
បន្ថែមលើនេះ លោកអ្នកនាំពាក្យ បានលើកឡើងថា នៅក្នុងជំនួបដាច់ដោយឡែកមួយទៀត លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានបញ្ជាក់ប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាថ្មីម្តងទៀត ពីជំហររបស់ចិន ក្នុងការគាំទ្របទឈប់បាញ់ គាំទ្រយន្តការសង្កេតការណ៍ បទឈប់បាញ់របស់អាស៊ាន ដែលដឹកនាំដោយម៉ាឡេស៊ី ហើយប្រធានាធិបតី ក៏ចង់ឃើញការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់ផងដែរ ។
ចំពោះការបញ្ជាក់របស់ប្រធានាធិបតីចិនខាងលើនេះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះចិន សម្រាប់ការបំពេញតួនាទីគន្លឹះ នៅក្នុងការចូលរួមយ៉ាងសកម្ម ក្នុងដំណើរការសន្តិភាព នៃជម្លោះព្រំដែនកម្ពុជាថៃ ដែលនាំឱ្យមានការវិវត្តន៍ជាវិជ្ជមាន ឆ្ពោះទៅរកដំណោះស្រាយស្ថានការណ៍ ដោយសន្តិវិធី ។
ជាមួយគ្នានេះ លោក ប៉ែន បូណា បានឱ្យដឹងទៀតថា ប្រធានរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត (Thongloun SISOULITH) ក៏បានគាំទ្របទឈប់បាញ់នេះ ហើយជំរុញឱ្យភាគីទាំងពីរ មានភាពអត់ធ្មត់ខ្ពស់ ដើម្បីអនុវត្តបទឈប់បាញ់នេះឱ្យបានពេញលេញ ។
លោក ប៉ែន បូណា បញ្ជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជានិងថៃ សម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំពិសេស នៅក្នុងទីក្រុងពូត្រាចារ្យយ៉ា ដែលមានម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ សហរៀបចំដោយ សហរដ្ឋអាមេរិក និងដោយមានការចូលរួម យ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន ។ ក្នុងនាមប្រទេសដែលស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ ក៏ដូចជាគោរពសណ្តាប់ធ្នាប់ពិភពលោក កម្ពុជា បានគោរពកិច្ចព្រមព្រៀងនេះ យ៉ាងខ្ជាប់ខ្ជួន ដោយផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារការទូត និងកិច្ចពិភាក្សាគ្នា ដោយសន្តិវិធី ជាមួយភាគីថៃ ក៏ដូចជាភាគីពាក់ព័ន្ធដើម្បីស្វះស្វែងរកបញ្ហាព្រំដែន ។
លោក ប៉ែន បូណា មានប្រសាសន៍ថា “គោលជំហរដ៏ជាក់លាក់ របស់កម្ពុជា ខ្ញុំសូមបញ្ជាក់ជូន គឺការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ដោយរក្សាបាន នូវសុខសន្តិភាព ព្រមពេលជាមួយគ្នា នេះគឺជាស្មារតីនៃនយោបាយឈ្នះឈ្នះ ដែលជាស្នូលនៃបន្ទាត់នយោបាយរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។ ស្មារតីប្រកបដោយសន្តិភាពនិយមនេះ កំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើង ពីបណ្តាមេដឹកនាំនៅក្នុងពិភពលោក”៕
