ព័ត៌មានអន្តរជាតិ

វ៉េណេស៊ុយអេឡា ប្រឈមមុខនឹង ការគំរាមកំហែងដ៏ធំបំផុត មិនធ្លាប់មាន ក្នុងរយៈពេល ១០០ឆ្នាំ ចំពេលមានការបង្កើន វត្ដមានកងទ័ពជើង ទឹកអាមេរិក

xinhua

ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ  បានឲ្យដឹងថា ប្រទេសរបស់លោកកំពុងប្រឈមមុខនឹង “ការគំរាមកំហែងដ៏ធំបំផុត ក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ” នៅពេលដែលសហរដ្ឋអាមេរិក បង្កើនវត្តមានកងទ័ពជើងទឹករបស់ខ្លួន នៅជិតដែនទឹករបស់ប្រទេសលោក។

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក ម៉ាឌូរ៉ូ បានហៅសហរដ្ឋអាមេរិកថា ជាទង្វើមិនសមហេតុផល និងជា “ការគំរាមកំហែងឧក្រិដ្ឋកម្មទាំងស្រុង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានលើកឡើងថា នាវាកងទ័ពជើងទឹកអាមេរិកចំនួន ៨គ្រឿងដែលផ្ទុកកាំជ្រួចមីស៊ីលចំនួន ១,២០០ និងនាវាមុជទឹកនុយក្លេអ៊ែរមួយបានកំពុងតម្រង់គោលដៅទៅកាន់ប្រទេសវេណេស៊ុយអេឡា។

ផ្ទាំងពាណិជ្ជកម្ម

លោក ម៉ាឌូរ៉ូ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានបង្កើននូវអ្វីដែលពួកគេហៅថា “សម្ពាធអតិបរមា” នៅពេលនេះ តាមរយៈមធ្យោបាយយោធា ហើយជាការឆ្លើយតប វេណេស៊ុយអេឡាបានប្រកាស ត្រៀមខ្លួនជាស្រេច ដើម្បីការពារប្រទេសជាតិ។

លោកបានទទូចថា វេណេស៊ុយអេឡា នឹងមិនទទួលយក “ការបង្ខូចកេរ្តិ៍ឈ្មោះ និងការគំរាមកំហែង” ដោយបន្ថែមថា ប្រទេសនេះមានសន្តិភាព ប៉ុន្តែនឹងប្រយុទ្ធ ដើម្បីការពារទឹកដីរបស់ខ្លួន ប្រសិនបើត្រូវបានវាយប្រហារ។ 

នៅក្នុងនោះដែរលោក​បាន​ប្រកាស​កម្មវិធី​ទូទាំង​ប្រទេស ដើម្បី​បណ្តុះបណ្តាល​ជន​ស៊ីវិល និង​បង្កើត​អង្គភាព​ប្រយុទ្ធ​របស់​កងជីវពល​សហគមន៍ ដើម្បី​ពង្រឹង​ ការការពារ​ប្រទេស ៕

To Top