ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ មនុស្ស ៦២២ នាក់ស្លាប់ និង ១៥៥៥ នាក់រងរបួសនៅក្នុងការរញ្ជួយដី នៅភាគខាងកើតអាហ្វហ្គានីស្ថាន

Xinhua

កាប៊ុល៖ ក្រសួងមហាផ្ទៃរបស់ប្រទេសនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅខេត្ត Kunar និង Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងដល់ ៦២២ នាក់ និង ១៥៥៥ នាក់ផ្សេងទៀតបានរងរបួស។

ចំនួនអ្នកស្លាប់នៅក្នុងខេត្ដ Kunar បានកើនឡើងដល់ ៦១០ នាក់ ដោយមនុស្ស ១៣០០ នាក់បានរងរបួស និងផ្ទះជាច្រើនត្រូវបានបំផ្លាញ។ នៅទីក្រុង Nangarhar មនុស្ស ១២ នាក់បានស្លាប់ និង ២៥៥នាក់បានរងរបួស និងផ្ទះរាប់សិបខ្នងត្រូវបានខូចខាត នេះបើយោងតាមអ្នកនាំពាក្យក្រសួងលោក Abdul Mateen Qani ។

លោក Qani បានលើកឡើងថា ក្រុមសន្តិសុខ វេជ្ជសាស្ត្រ ការដឹកជញ្ជូន អាហារ និងជំនួយបានបង្កើនកិច្ចខិតខំប្រឹងប្រែង របស់ពួកគេក្នុងការផ្តល់ជំនួយដ៏ទូលំទូលាយ និងជាបន្ទាន់ដល់អ្នក ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ។

ផ្ទាំងពាណិជ្ជកម្ម

ក្រុមជួយសង្គ្រោះមកពីក្រសួងការពារជាតិ មហាផ្ទៃ និងសុខភាពសាធារណៈបានមកដល់ ដើម្បីបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យក្នុងតំបន់ Nangarhar នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក TOLOnews។

គ្រោះរញ្ជួយដីកម្រិត ៦រ៉ិចទ័រ បានវាយប្រហារតំបន់ភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន នៅវេលាម៉ោង ១១ និង៤៧នាទីយប់។ តាមម៉ោងក្នុងស្រុក នៅថ្ងៃទី៣១ ខែសីហា ជាមួយនឹងចំណុចកណ្តាល ២៧គីឡូម៉ែត្រក្នុងជម្រៅ ៨គីឡូម៉ែត្រ នេះបើយោងតាមការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top