ពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក EducationUSA ឆ្នាំ ២០២៥ ភ្ជាប់និស្សិតកម្ពុជា ជាមួយសាកលវិទ្យាល័យ និងមហាវិទ្យាល័យអាមេរិក

ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានរៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក ដែលហៅថា EducationUSA ប្រចាំឆ្នាំ ២០២៥ នៅខេត្តសៀមរាប ថ្ងៃទី ០៨ ខែកញ្ញា និងនៅភ្នំពេញ នៅថ្ងៃទី ១០ ខែកញ្ញា ដើម្បីតភ្ជាប់និស្សិតកម្ពុជា ជាមួយស្ថាប័នអប់រំនៅសហរដ្ឋអាមេរិក និងផ្តល់ឱកាសសម្រាប់ការចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរគ្នាផ្នែកសិក្សាអប់រំ។ នៅខេត្តសៀមរាប លោកស្រី Sara Feuerstein ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក និងលោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានអញ្ជើញបើកព្រឹត្តិការណ៍នេះ ដែលមានអ្នកចូលរួមជាង ៩០០ នាក់។ អ្នកស្រី Feuerstein បានថ្លែងថា៖ «តាមរយៈពិព័រណ៍ EducationUSA និស្សិតកម្ពុជាមានឱកាសពិសេស ក្នុងការសិក្សានៅសហរដ្ឋអាមេរិក ដែលជំរុញការយល់ដឹងទៅវិញទៅមក និងផ្តល់លទ្ធភាពឲ្យមនុស្សជំនាន់ក្រោយអាចរួមចំណែកដល់ការរីកចម្រើនជាសាកល»។
នៅរាជធានីភ្នំពេញ លោកភារធារីស្ថានទូតអាមេរិក Benjamin Chiang និង បណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកពិព័រណ៍ ដោយកាត់ខ្សែបូរ និងសំណេះសំណាលជាមួយតំណាងនៃសាកលវិទ្យាល័យនិមួយៗ ក្នុងពេលទស្សនាស្តង់ពិព័រណ៍នានា។ ជារៀងរាល់ឆ្នាំ ពិព័រណ៍ EducationUSA ផ្តល់ឱកាសដ៏មានតម្លៃសម្រាប់និស្សិតកម្ពុជាស្វែងយល់ពីឱកាសសិក្សាបន្ត នៅសហរដ្ឋអាមេរិក។ ក្នុងពិព័រណ៍នៅឆ្នាំនេះ អ្នកចូលរួមបានស្វែងយល់ព័ត៌មានអំពីអាហារូបករណ៍ និងកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សានានា ដែលឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិក ស្វែងយល់អំពីដំណើរការសុំទិដ្ឋាការពីមន្រ្តីកុងស៊ុលនៃស្ថានទូតអាមេរិក និងធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយតំណាង ដែលមកពីស្ថាប័នអប់រំចំនួន ១០ នៅសហរដ្ឋអាមេរិក។ អ្នកតំណាងទាំងនេះបានចែករំលែកព័ត៌មានលម្អិតអំពីកម្មវិធីសិក្សា លក្ខណៈសម្បត្តិអាចចូលរៀនបាន និងដំណើរការដាក់ពាក្យចូលរៀន ដែលជំរុញឱ្យនិស្សិតបោះជំហានបន្ទាប់ដើម្បីសម្រេចគោលដៅសិក្សារបស់ពួកគេ។
សាកលវិទ្យាល័យ និងមហាវិទ្យាល័យដែលចូលរួមក្នុងពិព័រណ៍ការសិក្សា EducationUSA ២០២៥ នេះរួមមាន ៖
- Bryant University
- Clark College
- Edmonds College
- Foothill College
• Iowa State University of Science and Technology
- Kent State University
• Lake Washington Institute of Technology
- Middle Tennessee State University
• Minnesota State University – Mankato
• Seattle Colleges
- Shoreline Community College
- University of Arizona
លោកភារធារីស្ថានទូត Benjamin Chiang បានមានប្រសាសន៍ថា ៖ «ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអប់រំ និងកិច្ចសហការអន្តរជាតិ បង្ហាញពីបំណងប្រាថ្នារបស់យុវជនកម្ពុជា ក្នុងការចូលរួមជាមួយពិភពលោក»។
សាកលវិទ្យាល័យដែលបានតំណាងនៅក្នុងពិធីនេះ ស្ថិតនៅក្នុងទីក្រុងធំ និងតូច មានរាប់ពីសាកលវិទ្យាល័យធំ ទៅសាកលវិទ្យាល័យតូច ទាំងផ្នែកសាធារណៈ និងឯកជន ពីសាកលវិទ្យាល័យសិក្សា ៤ ឆ្នាំ ទៅមហាវិទ្យាល័យសហគមន៍សិក្សា ២ ឆ្នាំ។ ទាំងនេះបង្ហាញពីជម្រើសនានា សម្រាប់និស្សិតក្នុងការស្វែងរកការអប់រំដែលសមស្របនឹងចំណាប់អារម្មណ៍ និងគោលដៅរបស់ពួកគេ។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ កម្ពុជាមានកំណើន ៥៥% នៃចំនួនសិស្ស និស្សិតសិក្សានៅសហរដ្ឋអាមេរិក។ កំណើននៃភាគរយនេះគឺខ្ពស់លើសគេនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។
ក្នុងរយៈពេលពេញឆ្នាំមួយ ស្ថានទូតអាមេរិកនៅភ្នំពេញបានផ្សព្វផ្សាយឱកាសសម្រាប់ការសិក្សា តាមរយៈមជ្ឈមណ្ឌលប្រឹក្សាអប់រំ EducationUSA ដោយឥតគិតថ្លៃនៅភ្នំពេញនាមជ្ឈមណ្ឌល AmCam Exchange និងខេត្តសៀមរាប នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ក៏ដូចជាសេវាកម្ម EducationUSA នៅគ្រប់បណ្ណាល័យអាមេរិក ។ មជ្ឈមណ្ឌលទាំងនេះផ្តល់ការណែនាំដោយផ្ទាល់ខ្លួន និងដោយឥតគិតថ្លៃ រាប់ពីដំណើរការដាក់ពាក្យសុំចូលរៀន ដល់ការរកសៀវភៅ និងឯកសារត្រៀម។ ស្ថានទូតអាមេរិកក៏ផ្តល់ផងដែរ នូវកម្មវិធីផ្លាស់ប្តូរផ្នែកការសិក្សាអប់រំ និងអាហារូបករណ៍ រៀបចំព្រឹត្តិការណ៍ទៀងទាត់តាមរយៈ បណ្ណាល័យអាមេរិក ទាំងបួនរបស់យើងនៅខេត្តបាត់ដំបង កំពង់ចាម រាជធានីភ្នំពេញ និងខេត្តសៀមរាប និងបានចុះផ្សព្វផ្សាយព័ត៌មាននៅតាមសាលានៅទូទាំងប្រទេសកម្ពុជា។









