ប្រធានាធិបតីអាមេរិកលោក Donald Trump ប្តឹងកាសែត New York Times ទារសំណង ១៥ ពាន់លានដុល្លារ

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ពាក្យបណ្តឹងបរិហារកេរ្តិ៍ទារសំណង ១៥ ពាន់លានដុល្លារប្រឆាំងនឹងកាសែត New York Times ដោយចោទកាសែតនេះថា បានចូលរួមក្នុងយុទ្ធនាការលាបពណ៌ប្រឆាំងនឹងរូបលោក និងនិយមបក្សពួកនិយមចំពោះគណបក្សប្រជាធិបតេយ្យ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការបង្ហោះនៅលើ Truth Social កាលពីថ្ងៃច័ន្ទ លោក Trump បានហៅកាសែត New York Times ថាជា “កាសែតដ៏អាក្រក់ និងខូចបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់យើង” ។ លោកបានអះអាងថា កាសែតនោះបានក្លាយទៅជា “មាត់សម្រាប់គណបក្សប្រជាធិបតេយ្យស្តាំនិយមជ្រុល” ហើយបានពិពណ៌នាអំពីការយល់ព្រមរបស់ខ្លួនចំពោះគូប្រជែងប្រជាធិបតេយ្យរបស់គាត់នៅឆ្នាំ ២០២៤ គឺ លោកស្រី Kamala Harris ដែលជា “ការរួមចំណែកក្នុងយុទ្ធនាការខុសច្បាប់ដ៏ធំបំផុតដែលមិនធ្លាប់មាន”។
លោកក៏បានអះអាងផងដែរថា កាសែត New York Times “បានចូលរួមក្នុងវិធីសាស្រ្តជាច្រើនទសវត្សរ៍នៃការនិយាយកុហកអំពីប្រធានាធិបតីសំណព្វរបស់អ្នក គឺខ្ញុំ គ្រួសាររបស់ខ្ញុំ អាជីវកម្ម ចលនាទីមួយអាមេរិក, MAGA និងប្រជាជាតិរបស់យើងទាំងមូល”។
យ៉ាងណាក៏ដោយ New York Times មិនទាន់ធ្វើអត្ថាធិប្បាយលើបណ្តឹងដែលលោក Trump បាននិយាយថា ត្រូវបាននាំមកនៅរដ្ឋ Florida នៅឡើយទេ។
នេះមិនមែនជាការប៉ះទង្គិចលើកដំបូងរបស់លោក Trump ជាមួយប្រព័ន្ធផ្សព្វផ្សាយធំៗទេ។ កាលពីដើមឆ្នាំនេះ មេធំរបស់ CBS Paramount Global បានយល់ព្រមបង់ប្រាក់ចំនួន ១៦ លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងដែលនាំយកដោយ Trump ជុំវិញកិច្ចសម្ភាសន៍ក្នុងរយៈពេល ៦០ នាទីសម្ភាសន៍ជាមួយ លោកស្រី Harris ៕
ប្រែសម្រួលៈ ណៃ តុលា
