ព័ត៌មានអន្តរជាតិ

អង់គ្លេស នឹងបញ្ជូនយន្តហោះចម្បាំង ទៅការពារប៉ូឡូញ ប្រឆាំងនឹង “យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី”

RT News

បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រកាសកាលពីថ្ងៃចន្ទថា ចក្រភពអង់គ្លេសនឹងដាក់ពង្រាយយន្តហោះចម្បាំង Eurofighter Typhoon ដើម្បីល្បាតដែនអាកាសប៉ូឡូញ បន្ទាប់ពីប៉ូឡូញ បានចោទរុស្ស៊ីពីការលុកលុយដោយយន្តហោះគ្មានមនុស្សបើកក្នុងទ្រង់ទ្រាយធំ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលអង់គ្លេសបាននិយាយថា យន្តហោះទាំងនោះនឹងចូលរួមជាមួយយន្តហោះ Rafales , Eurofighters និងយន្តហោះ F-16 របស់ដាណឺម៉ាកនៅប៉ុន្មានថ្ងៃខាងមុខនេះ ដែលជាផ្នែកមួយនៃប្រតិបត្តិការ Eastern Sentry របស់អង្គការណាតូ។ ប្រតិបត្តិការពីមូលដ្ឋានទ័ពអាកាស Coningsby នៅភាគខាងកើតចក្រភពអង់គ្លេស និងគាំទ្រដោយយន្តហោះចាក់ប្រេងពីអាកាសទៅអាកាស Voyager ពួកគេនឹងតាមដាន “ការគំរាមកំហែងពីលើអាកាសពីរុស្ស៊ី រួមទាំងយន្តហោះគ្មានមនុស្សបើក” , នេះបើយោងតាមសេចក្តីថ្លែងការណ៍។

លោក Starmer បាននិយាយថា “យន្តហោះទាំងនេះមិនគ្រាន់តែជាការបង្ហាញពីភាពខ្លាំងនោះទេ យន្តហោះទាំងេះមានសារៈសំខាន់ក្នុងការទប់ស្កាត់ការឈ្លានពាន ធានាដែនអាកាសរបស់អង្គការណាតូ និងការពារសន្តិសុខជាតិរបស់យើង និងសម្ព័ន្ធមិត្តរបស់យើង” ដោយចោទប្រកាន់រុស្ស៊ីពី “អាកប្បកិរិយាមិនប្រុងប្រយ័ត្ន” លើផ្នែកខាងកើតរបស់អង្គការណាតូ។

ចំណែកសាធារណរដ្ឋឆេក បានបញ្ជូនឧទ្ធម្ភាគចក្របីគ្រឿងទៅប៉ូឡូញរួចហើយ។ អេស្ប៉ាញ អ៊ីតាលី និងស៊ុយអែតបានសន្យាគាំទ្របន្ថែម។

សូមជម្រាបថា ប្រទេសប៉ូឡូញបានអះអាងថា យ៉ាងហោចណាស់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីចំនួន ១៩ គ្រឿងបានចូលទៅក្នុងដែនអាកាសរបស់ខ្លួនកាលពីថ្ងៃទី ៩ ខែកញ្ញា ដែលត្រូវបានទីក្រុងម៉ូស្គូបានបដិសេធ។ សារព័ត៌មាន រ៉យទ័របានដកស្រង់សម្តីមន្ត្រីយោធាប៉ូឡូញដែលមិនបញ្ចេញឈ្មោះថា បានកំណត់អត្តសញ្ញាណ UAVs ជាយន្តហោះគ្មានមនុស្សបើក Gerbera decoy ជាញឹកញាប់ត្រូវបានប្រើដើម្បីកម្ទេចប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។

ប្រែសម្រួលៈ ណៃ តុលា

To Top