ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុបប្រកាសឈ្មោះរដ្ឋសមាជិកដែលបន្តនៅតែនាំចូលហ្គាសរបស់ប្រទេសរុស្សី

បរទេស៖យោងតាមការចេញផ្សាយរបស់ RT បាន​ដក​ស្រង់​សម្ដី​អ្នក​នាំពាក្យ​គណៈកម្មាធិការ​ថាមពល​របស់សហភាពអឺរ៉ុប​លោកស្រី Anna-Kaisa Itkonen ដែល​បាន​និយាយ​ថា ប្រទេស​សហភាព​អឺរ៉ុប​ចំនួន ៨ កំពុងតែបន្ត​នាំចូលហ្គាស​ពីប្រទេស​រុស្ស៊ីនៅឡើយ។

នៅព្រឹកថ្ងៃសុក្រ ទីក្រុងប្រ៊ូសែលបានបង្ហាញពីផែនការហាមឃាត់ការនាំចូលថាមពលរបស់រុស្ស៊ីទៅកាន់ប្លុកនេះ។

ប្រទេសបែលហ្ស៊ិក បារាំង ក្រិក ហុងគ្រី ហូឡង់ ប៉ទុយហ្គាល់ ស្លូវ៉ាគី និងអេស្ប៉ាញ នៅតែទទួលបានការផ្គត់ផ្គង់ពីរុស្ស៊ី ទោះតាមបំពង់បង្ហូរប្រេង ឬក្នុងទម្រង់ជាឧស្ម័នធម្មជាតិរាវ (LNG)។លោកស្រី Itkonen បានបន្ថែមទៀតថាទោះបីជាយ៉ាងណាក្តី គណៈកម្មការអឺរ៉ុបមិនមានទិន្នន័យអំពីអ្នកប្រើប្រាស់ចុងក្រោយនៃការនាំចេញនោះទេ។

កន្លងមកទោះបីជាមានការសន្យាម្តងហើយម្តងទៀតក្នុងការកាត់បន្ថយការពឹងផ្អែកទៅលើធនធានរបស់រុស្សីក៏ដោយ ក៏ប្រហែល១៩ភាគរយ នៃការនាំចូលហ្គាសរបស់ EU នៅតែមានប្រភពមកពីប្រទេសរុស្ស៊ី ពោលគឺធ្លាក់ចុះពីប្រហែល ៤៥ភាគរយមុនឆ្នាំ២០២២។

ក្រុមការងារកាសែតរ៉យទ័រ បានកត់សម្គាល់ថាប្រទេសទាំងនោះរួមមានទាំង អេស្បាញ បែលហ្ស៊ិក ហូឡង់ និងបារាំងបាននាំចូល LNG ខណៈដែលការដឹកជញ្ជូនតាមបំពង់តាមរយៈ TurkStream អាចធ្វើដំណើរទៅដល់ស្លូវ៉ាគី ហុងគ្រី និងប៊ុលហ្គារី៕

ប្រែសម្រួល៖ស៊ុនលី

To Top