អភិបាលរាជធានីភ្នំពេញ អញ្ជើញកាន់បិណ្ឌវេនទី១៣ នៅវត្តប្រសិទ្ធីរីម្នារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង និងក្រុមគ្រួសារ ព្រមទាំងមន្ត្រីរាជការ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តប្រសិទ្ធីរីម្នារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងអភិបាលរងរាជធានី រួមជាមួយនិងសមាជិកក្រុមប្រឹក្សារដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញរាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា និង ញាតិកាលទាំង៧សណ្តាន ដែលបានបែកកាយ រំលាយឋានទៅកាន់បរលោកខាងមុខ និងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ពីចោរសៀមឈ្លានពាន។

វិស័យព្រះពុទ្ធចក្រ មានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិ យ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់សព្វថ្ងៃ។ ក្នុងនោះ លោក ឃួង ស្រេង និង លោកស្រី បានវេប្រគេននូវទ័យវត្ថុ និងគ្រឿងឧបភោគ បរិភោគជាច្រើន និងប្រគេនបច្ច័យដល់ព្រះសង្ឃ និងប្រគេនដល់វត្ត ដើមី្បយកទៅកសាងសមិទ្ធផលនានា នៅក្នុងទីអារាមនៃវត្តប្រសិទ្ធីរីម្នារាមនេះផងដែរ៕




ដោយ៖ ដារាត់| ដើមអម្ពិល
