ព័ត៌មានជាតិ

អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងបញ្ហាសង្គម៖ ការដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ២១០ដុល្លារសម្រាប់ឆ្នាំ២០២៦ គឺមិនប៉ះពាល់ដល់ដំណើរការវិនិយោគនៅកម្ពុជាទេ

ភ្នំពេញ៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអ្នកវិភាគបញ្ហាសង្គម បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ គឺមិនមានផលប៉ះពាល់ដល់ដំណើរការវិនិយោគនៅកម្ពុជាទេ ដោយសារភាគីពាក់ព័ន្ធបានស្រុះស្រួលគ្នា និងឯកភាពគ្នាក្នុងការកំណត់យកតួលេខរួមមួយសមរម្យ ដែលអាចទទួលយកបានទាំងអស់គ្នា។   

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦នេះ នឹងមិនមានផលប៉ះពាល់ដល់ដំណើរការវិនិយោគ ឬប៉ះពាល់ដល់វិនិយោគិននៅកម្ពុជាទេ ដោយសារភាគីតំណាងកម្មករនិយោជិត និងតំណាងនិយោជក បានស្រុះស្រួល និងឯកភាពគ្នា។ 

លោកបណ្ឌិតបញ្ជាក់ថា៖ «បើទោះបីជាការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតកើនដល់ ២១០ដុល្លារក្នុងមួយខែនេះក៏ដោយ គឺខ្ញុំគិតថា មិនមានផលប៉ះពាល់ដល់ការវិនិយោគ ឬប៉ះពាល់ដល់អ្នកវិនិយោគនៅកម្ពុជាទេ ដោយសារការដំឡើងនេះ គឺជាការស្រុះស្រួលគ្នា ឯកភាពគ្នាពីគ្រប់ភាគី ព្រោះនៅក្នុងកម្រិតមួយសមរម្យ ហើយក៏មិនមែនជាការបង្ខិតបង្ខំឱ្យភាគីណាមួយឱ្យទទួលយកតួលេខនេះដែរ ដែលនៅតែផ្ដល់លទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តវិនិយោគនៅកម្ពុជាបានបន្តទៀត»។ 

លើសពីនេះ លោកបណ្ឌិត បានលើកឡើងថា៖ «បើយើងប្រៀបធៀបប្រាក់ខែគោលនៅក្នុងប្រទេសមួយចំនួនទៀតដូចជា៖ប្រទេសមីយ៉ាន់ម៉ា បង់ក្លាដេស និងប្រទេសផ្សេងទៀត គឺយើងនៅមានកម្រិតប្រាក់ខែគោលហ្នឹងខ្ពស់ជាងគេ ហើយប្រសិនបើកម្មករនិយោជិតខិតខំប្រឹងប្រែងក្នុងការងារបន្ថែមទៀត គឺពួកគាត់អាចទទួលបានប្រាក់បន្ថែមលើសពីនេះ ដែលធ្វើឱ្យពួកគាត់អាចសន្សំប្រាក់កាន់តែច្រើនសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារគាត់ផងដែរ»។ 

ចំណែកលោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ មានប្រសាសន៍ថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦នេះ នឹងមិនមានផលប៉ះពាល់ដល់ដំណើរការវិនិយោគនៅកម្ពុជានោះទេ។ ផ្ទុយទៅវិញ វាគឺជាគោលនយោបាយដ៏ឆ្លាតវៃមួយ ដែលអាចផ្ដល់អត្ថប្រយោជន៍ដល់កម្មកនិយោជិតក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពកម្មកនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ។

លោកបន្តថា ប្រសិនបើប្រាក់ឈ្នួលកើនឡើងជាបន្តបន្ទាប់ដោយផ្អែកតាមស្ថានភាពសេដ្ឋកិច្ច និងនយោបាយបែបនេះ គឺនឹងបង្កើនផលិតភាព និងធ្វើឱ្យកម្មកនិយោជិតកាន់តែមានការប្រឹងប្រែងផលិតភាពទ្វេដង។ ជាពិសេសរាជរដ្ឋាភិបាល បានបន្តផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនដូចជា៖ ការបញ្ចុះពន្ធ និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីសម្របដល់ចំណាយនានារបស់ក្រុមហ៊ុនវិនិយោគ។

ទោះបីជាយ៉ាងណាក៏ដោយ លោក ថុង ម៉េងដាវិត បានបញ្ជាក់ថា ៖«ខ្ញុំគិតថា ការដំឡើងប្រាក់ឈ្នួលនេះ គឺរាជរដ្ឋាភិបាលមិនមែនចេះតែសម្រេចនោះទេ យើងឃើញកន្លងមក គឺមានគណៈកម្មការជំនាញក្នុងការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេស ក្នុងតំបន់ និងសាកលផងដែរ។ លើសពីនេះ ខ្ញុំក៏ចាប់អារម្មណ៍នូវចំណុចមួយ គឺខាងគណៈកម្មការសិក្សាពីខ្ទង់ចំណាយប្រចាំថ្ងៃរបស់បងប្អូនកម្មករ។ ដូច្នេះរាជរដ្ឋាភិបាលបានគិតគូល្អិនល្អន់ ដែលវាមិនមានផលប៉ះពាល់ដល់ដំណើរការវិនិយោគនោះទេ»។

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចបន្ថែម ២ដុល្លារអាម៉េរិកលើតួលេខ ២០៨ដុល្លារអាម៉េរិករបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ កើនដល់ ២១០ដុល្លារអាម៉េរិកក្នុងមួយខែ ហើយត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦តទៅ។

នៅក្នុងតួលេខ ២១០ដុល្លារអាមេរិកនេះ ប្រសិនបើបូកទាំងអត្ថប្រយោជន៍ផ្សេងទៀត បងប្អូនកម្មករនិយោជិតនឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចន្លោះពី ២២៧ដុល្លារអាម៉េរិកដល់ ២៣៨ដុល្លារអាម៉េរិកក្នុងមួយខែ៕

To Top