សម្ដេចព្រះឧត្តមមុនី ជា សំអាង និមន្តជាអធិបតីក្នុងពិធីសិតព្រះពុទ្ធបដិមាករ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ សម្ដេចព្រះឧត្តមមុនី ជា សំអាង ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បាននិមន្តជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសិតព្រះពុទ្ធបដិមា សាងអំពីលោហៈ នៅវត្តសិបណយារាម (វត្តចំបក់) ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។

ការសិតព្រះបដិមាករនេះ គឺដើម្បីបានជាសារៈប្រយោជន៍ដល់ពុទ្ធបរិស័ទជិតឆ្ងាយបានគោរពបូជា ហើយបានរក្សានៅតម្លៃវប្បធម៌ និងព្រះពុទ្ធសាសនាផងដែរ។

បើតាមការឱ្យដឹងពីព្រះមហាធម្មបាល ឈឿន សុឈី ព្រះចៅអធិការវត្តសិបណយារាម(ចំបក់) បានមានថេរៈដីការថា៖ “ព្រះពុទ្ធបដិមា សាងអំពីលោហៈ(ស្ពាន់)នេះ មានកម្ពស់២ម៉ែត្រ មានព្រះនាមថា ព្រះអភ័យមុទ្រ កសាងឡើងដើម្បីតម្កល់ទុកក្នុងព្រះឧបដ្ឋានសាលា វត្តសិបណយារាម(វត្តចំបក់) ដើម្បីពុទ្ធនរិស័ទបានគោរពបូជា។”

ព្រះអង្គបន្តថា ក្នុងការកសាងព្រះពុទ្ធបដិមានេះ គឺមានការចូលរួមបច្ច័យចំនួន៧០០០$ ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ និងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយផងដែរ៕





ដោយ៖ សុធន /ត្បូងឃ្មុំ/ដើមអម្ពិល/
