Update: បាក់ស្រុតផ្លូវជម្រៅ៥០ម៉ែត្រ នៅខាងមុខមន្ទីរពេទ្យ Vajira ក្នុងទីក្រុង បាងកក ប្រទេសថៃ

បរទេស៖ ខណ្ឌ Dusit បិទផ្លូវ Samsen បន្ទាប់ពីមានការបាក់ស្រុតផ្លូវយ៉ាងធ្ងន់ធ្ងរ នៅជិតមន្ទីរពេទ្យ Vajira ក្នុងទីក្រុង បាងកក ប្រទេសថៃ ដែលរំខានដល់ការប្រើប្រាស់ និងបង្កការកកស្ទះចរាចរណ៍ខ្លាំងនៅលើស្ពាន Krung Thon ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ អាជ្ញាធរខណ្ឌ Dusit បានប្រកាសបិទចរាចរណ៍ជាបន្ទាន់ ចាប់ពីផ្លូវបំបែក Vajira និងតំបន់ជុំវិញ បន្ទាប់ពីកំណាត់ផ្លូវ Samsen បានបាក់ស្រុតចុះយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យខូចខាតឧបករណ៍ប្រើប្រាស់នៅក្បែរនោះ និងបង្កហានិភ័យដល់អ្នកធ្វើដំណើរ។
នៅវេលាម៉ោងប្រហែល៧ព្រឹក នគរបាលចរាចរណ៍ពីប៉ុស្តិ៍សំរោងបានរាយការណ៍ថា ផ្ទៃផ្លូវមុខមន្ទីរពេទ្យ Vajira បានបាក់ស្រុត បណ្តាលឲ្យបាក់បែកបំពង់ទឹក ។ អាជ្ញាធរបិទចរាចរណ៍ដើម្បីឲ្យមានការជួសជុលជាបន្ទាន់។ ឧបទ្ទវហេតុនេះ បានបង្កការកកស្ទះយ៉ាងខ្លាំង នៅតាមបណ្តោយផ្លូវ Samsen ។
ការដួលរលំបានកើតឡើងនៅជិតការដ្ឋានសំណង់នៃស្ថានីយ៍រថភ្លើង MRT ថ្មី “Vajira Station” ដោយផ្ទាល់នៅមុខមន្ទីរពេទ្យ។ មន្ត្រីរដ្ឋបាលក្រុងបាងកក និងភ្នាក់ងារពាក់ព័ន្ធកំពុងធ្វើការដើម្បីរក្សាស្ថិរភាពតំបន់ និងស្តារចរាចរណ៍ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។
មជ្ឈមណ្ឌលវិទ្យុសង្គ្រោះបន្ទាន់ Rama 199 បានរាយការណ៍ថា ការបាក់ស្រុតបានបង្កើតជារណ្ដៅដ៏ធំមួយនៅមុខមន្ទីរពេទ្យ Vajira ។ បង្គោលភ្លើងពីរដើមនិងរថយន្តសណ្តោងពីប៉ុស្តិ៍នគរបាល Samsen ធ្លាក់ចូលរណ្តៅយ៉ាងជ្រៅនោះ។ ចាប់តាំងពីពេលនោះមក ការបាក់ស្រុតបានរីកធំឡើង ដែលជំរុញឱ្យអាជ្ញាធរអគ្គិសនីរាជធានី ចាត់វិធានការសុវត្ថិភាពជាបន្ទាន់។
ប្រែសម្រួលៈ ណៃ តុលា
