ឱនភាពថវិកាជាតិរបស់រុស្ស៊ី នឹងឈានដល់ ១.៦ភាគរយ នៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០២៦

មូស្គូ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បានឧ្យដឹងថា ឱនភាពថវិការបស់ប្រទេសរុស្ស៊ី ត្រូវបានគេព្យាករណ៍ថានឹងឈានដល់ ១.៦ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៦ ខណៈដែលរដ្ឋាភិបាលបានអនុម័តសេចក្តីព្រាងថវិការបស់ប្រទេស សម្រាប់ឆ្នាំ២០២៦-២០២៨។
នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយកាលពីថ្ងៃពុធ លោក Siluanov បានឧ្យដឹងថា ប្រាក់ចំណូលថវិការបស់រុស្ស៊ីត្រូវបានគេព្យាករណ៍ថា មានចំនួន ៤០.២៨៣ ពាន់ពាន់លានរូប្លែ (ប្រហែល ៤៨១ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៦ ហើយប្រាក់ចំណូលមិនមែនប្រេង និងឧស្ម័ននឹងមានជិត ៧៨ភាគរយនៃប្រាក់ចំណូលសរុប។ ការចំណាយត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៤៤.១ពាន់ពាន់លានរូប្លែនៅឆ្នាំក្រោយ។
យោងតាមលោក Siluanov បានឱ្យដឹងថា ឱនភាពថវិកាសហព័ន្ធដែលបានព្យាករណ៍នៅឆ្នាំ២០២៦ នឹងត្រូវអនុវត្តតាមដោយ ១.២ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២៧ និង ១.៣ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៨។
នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បានឧ្យដឹងនៅក្នុងកិច្ចប្រជុំថា សេចក្តីព្រាងថវិការយៈពេល ៣ឆ្នាំថ្មីកំពុងត្រូវបានគ្រោងទុកជាមួយនឹងទស្សនវិស័យជាក់ស្តែង ហើយនឹងផ្អែកលើបញ្ហាប្រឈមសកលបច្ចុប្បន្ន៕
ប្រែសម្រួល ឈូក បូរ៉ា
