សេចក្តីប្រកាសព័ត៌មាន របស់ គ.ជ.ប ជុំវិញ ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨

ភ្នំពេញ៖ ដោយមានកិច្ចសហការ ជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ “ផែនការយុទ្ធសាស្រ្ត-ជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨” ជូនដល់សមាជិក សមាជិកាក្រុមការងារសកម្មភាពជនពិការគ.ជ.ប នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការ គ.ជ.ប។
នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំ លោក សោម សូរីដា សមាជិក គ.ជ.ប បានគូសបញ្ជាក់ថា គ.ជ.ប មានគោលនយោបាយលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធិជនមានពិការភាព ដើម្បីមានឱកាសចូលរួម ក្នុងកិច្ចការនយោបាយនិងការបោះឆ្នោត តាមរយៈការផ្ដល់នូវលក្ខខណ្ឌលើកទឹកចិត្ត ដល់បេក្ខជន បេក្ខនារីមានពិការភាព ដែលមានសមត្ថភាព និងកាយសម្បទាសមស្របក្នុងការដាក់ពាក្យចូលបម្រើការងារបោះឆ្នោតទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងការរៀបចំទីតាំងការិយាល័យបោះឆ្នោត នៅកន្លែងដែលអ្នកបោះឆ្នោតអាចធ្វើដំណើរទៅមក បានដោយគ្មានឧបសគ្គ គ្មានការរំខាន និងបង្កលក្ខណៈងាយស្រួល ដល់ជនមានពិការភាព។
លោក សោម សូរីដា បានមានប្រសាសន៍ថា ដោយមើលឃើញពីសារៈសំខាន់ នៃផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពនេះ ទើប លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប បានផ្ដល់កិត្តិយសធ្វើជាប្រធានកិត្តិយស នៃក្រុមការងារសកម្មភាពជនពិការគ.ជ.ប។ មិនត្រឹមតែប៉ុណ្ណោះមន្ត្រីរាជការ គ.ជ.ប ដែលជាជនមានពិការភាពជាច្រើន ត្រូវបាន គ.ជ.ប លើកទឹកចិត្តតាមគុណសម្បត្តិ និងសមត្ថភាព ដោយតែងតាំងឱ្យកាន់មុខតំណែងគ្រប់គ្រង នៅតាមបណ្តានាយកដ្ឋាន និងអង្គភាពនានា ក្នុងរចនាសម្ព័ន្ធអង្គការលេខ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត។
លោកបានបញ្ជាក់ថា ទាំងអស់នេះ គឺជាសូចនាករបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងឆន្ទៈរបស់ គ.ជ.បក្នុងការចូលរួមលើកកម្ពស់សិទ្ធិជនមានពិការភាព សំដៅបង្កើនចំនួនជនមានពិការភាពកាន់តែច្រើននាក់ បានចូលរួមក្នុងសកម្មភាពការងារបោះឆ្នោត ជីវភាពនយោបាយកិច្ចការសាធារណៈ និងបរិយាបន្នពិការភាព នៅក្នុងដែនសមត្ថកិច្ចរបស់ គ.ជ.ប ដែលជាការរួមចំណែកលើកកម្ពស់សិទ្ធិជនមានពិការភាពក្នុងក្របខណ្ឌជាតិ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោក សោម សូរីដា បានសម្តែងនូវការអបអរសាទរ ចំពោះក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលសម្រេចបាននូវភាពជោគជ័យ ក្នុងការចូលរួមលើកកម្ពស់វិស័យពិការភាពនៅកម្ពុជា លើឆាកអន្តរជាតិ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានជាអាទិ៍ ជោគជ័យជាប្រវត្តិ-សាស្ត្រក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ការរៀបចំកីឡាជាតិ លើកទី១៣ និងកីឡាជនមានពិការភាពលើកទី១ និងការរៀបចំសន្និសីទជនមានពិការភាពប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីការអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាបន្ន។ ជោគជ័យទាំងនេះបានជំរុញកម្ពុជា ឱ្យទទួលបានកិត្យានុភាពថ្មីៗបន្ថែមទៀត ស្មើមុខ ស្មើមាត់ជាមួយនឹងអន្តរជាតិ ជាពិសេសឆ្លុះបញ្ចាំងអំពីសក្តានុពល និងវឌ្ឍនភាពនៃវិស័យពិការភាពនៅកម្ពុជាមិនចាញ់បណ្តាប្រទេសនានា នៅក្នុងតំបន់ និងអន្តរជាតិឡើយ។
សូមជម្រាបជូនថា អនុលោមតាមសេចក្ដីសម្រេចលេខ៥០១គ.ជ.ប.ស.ស.រ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ គ.ជ.ប បានបង្កើតក្រុមការងារ សកម្មភាពជនពិការ គ.ជ.ប ដែលមាន លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធានកិត្តិយស លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង ជាប្រធាន និងមានអនុប្រធាន ១រូប ព្រមទាំងសមាជិក សមាជិកា ៨រូប ដែលជាមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន និងអង្គភាពនានាចំណុះអគ្គលេខាធិការដ្ឋាន គ.ជ.ប៕











