ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តតួនាទី ភារកិច្ច ៩ខែ និងលើកទិសដៅការងារបន្តរបស់ កងរាជអាវុធហត្ថ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រសៀល នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តតួនាទី ភារកិច្ច ៩ ខែ និងលើកទិសដៅសកម្មភាពការងារត្រីមាសទី៤ ឆ្នាំ២០២៥ របស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
កិច្ចប្រជុំខាងលេីនេះ មានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំរំលឹកអំពីវិន័យសណ្តាប់ធ្នាប់ ពង្រឹងតួនាទីភារកិច្ច បង្ការ បង្រ្កាប សង្រ្គោះ ក៏ដូចជាសកម្មភាពការងារប្រចាំថ្ងៃ ដល់កម្លាំងក្រោមឱវាទទាំងអស់ ត្រូវអនុវត្តប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់ និងត្រៀមអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើគ្រប់ពេលវេលា ជាពិសេស ត្រូវត្រៀមចូលរួមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលទទួលរងដោយគ្រោះមហន្តរាយ ឬហេតុការណ៍ផ្សេងៗ ដែលកើតមានឡើងផងដែរ៕



















