កិច្ចប្រជុំ ស្តីពីការប្រយុទ្ធប្រឆាំង បទល្មើស តាមប្រព័ន្ធបច្ចេកវិទ្យា

មណ្ឌលគិរីៈ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្ដីពី ការផ្សព្វផ្សាយការប្រយុទ្ធប្រឆាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ ព្រមទាំង ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេស ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រីនាយ/នាយរង ការិយាល័យជំនាញ លោកមេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែន គោកទាំង២ លោកអធិការនគរបាលក្រុង/ស្រុកទាំង៥ និងលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំង៣ រួមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ទាំង២១ ។
១. បទបង្ហាញ៖
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានអនុញ្ញាតឱ្យលោក ឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ស្នងការរងទទួលផែនការងារសេនាធិការ និងលោកប្រធានការិយាល័យចំនួន ២រូប ឡើងធ្វើបទបង្ហាញ ស្ដីពីការផ្សព្វផ្សាយការប្រយុទ្ធ ប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ ព្រមទាំងក្រុមការងារទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេស ដែលទើបបញ្ចប់សិក្ខាសាលានាពេលថ្មីៗនេះ ជូនអង្គពិធីទាំងមូលដើម្បីជ្រាប ។
២. ប្រសាសន៍ណែនាំ ៖
ទន្ទឹមនឹងគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ផ្លាស់ប្តូរបទពិសោធន៍ក្នុងការបង្ក្រាបបទល្មើសឆបោក និងសម្អាតប្រាក់ ដោយសង្កត់ធ្ងន់ថា ៖

- កត្តាសំខាន់គឺត្រូវបង្កើនសមត្ថភាព របស់មន្ត្រីជំនាញឱ្យទាន់និន្នាការនៃបទល្មើសជាប្រចាំ គឺជាកិច្ចការចាំបាច់បំផុត។
- ព្រោះប្រទេសកម្ពុជាកំពុងមានការវិវត្តឥតឈប់ឈរ នៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដែលកំពុងផ្សារភ្ជាប់នៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាមនុស្សជាតិទូទាំងពិភពលោក ។
- បច្ចុប្បន្នកម្ពុជាក៏កំពុងទទួលរងគ្រោះ និងចូលរួមដោះស្រាយករណីសម្អាតប្រាក់ និងឆបោកតាមប្រព័ន្ធព័ត៌មានបច្ចេកវិទ្យានេះផងដែរ។
ដូច្នេះ លោកស្នងការបានណែនាំដល់លោកអធិការក្រុង/ស្រុកទាំង៥ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ត្រូវធ្វើការ តាមដានរាល់សកម្មភាពរបស់ជនបរទេស ដែលមករស់នៅរកស៊ីនៅក្នុងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនេះឱ្យមានប្រសិទ្ធភាព៕
៕ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិលប្រភពៈស្នងការដ្ឋានមណ្ឌលគិរី


