ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ៖ មន្ទីរសុខាភិបាល ត្រូវដឹងសុខទុក្ខ មន្រ្តីរបស់ខ្លួន ពីប៉ុស្តិ៍សុខភាព

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខ តំណែងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃ១៣ តុលានេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល បានលើកឡើងថា មន្ទីរសុខាភិបាល ត្រូវដឹងពីសុខទុក្ខមន្រ្តីរបស់ខ្លួនពីប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព ដល់មន្ទីរពេទ្យគ្រប់កម្រិត ជាពិសេសសុខទុក្ខប្រជាពលរដ្ឋដែលជាអ្នកជំងឺ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និង មន្រ្តីសុខាភិបាល ត្រូវចូលរួមក្នុងការខិតខំប្រឹងប្រែងបន្ថែមទៀត ដោយធ្វើយ៉ាងណា ឱ្យមានការសហការសម្របសម្រួល និងចូលរួមយ៉ាងស្មោះស្ម័គ្រអស់ពីកម្លាំងកាយចិត្តពីសំណាក់មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីធានាបាននូវជោគជ័យក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពជូនប្រជាជន ជាពិសេសនៅតាមទីជនបទដាច់ស្រយាល។

បន្ថែមពីនេះដែរ សាស្រ្តាចារ្យ បានណែនាំដល់លោកប្រធានមន្ទីរ និងសុខាភិបាលទាំងអស់ ត្រូវគោរព អនុវត្កតាមការណែនាំពីក្រសួងសុខាភិបាល និងត្រូវមានគណនេយ្យភាព ការទទួលខុសត្រូវ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងអាជ្ញាធរដែនដីពាក់ព័ន្ធ និងត្រូវយកចិត្តទុកដាក់ អស់ពីកម្លាំងកាយចិត្ត និងពង្រឹងសមត្ថភាពក្នុងភាពជាអ្នកដឹកនាំ ប្រតិបត្តិមុខងារ តាមតួនាទីរបស់ខ្លួន ដោយប្រកាន់យកអាកប្បកិរិយាសមរម្យ ភាពថ្លៃថ្នូរ ប្រកបដោយកិត្កិយស គោរពការសម្ងាត់វិជ្ជាជីវៈ អព្យាក្រឹត្យក្នុងការងារ ភក្កីភាព និងគិតគូរដល់ប្រយោជន៍ជាតិ ចៀសវាងឱ្យបាននូវការ ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។

ឆ្លៀតក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានចែករំលែកបទពិសោធន៍ និងមតិយោបល់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ដោយត្រូវផ្តោតសំខាន់ ២ចំណុច៖ ១) សារគន្លឹះសម្រាប់ដំណើរការទៅមុខរបស់មូលដ្ឋានសុខាភិបាល ដោយធានាឱ្យមាននិរន្តរភាព លំនឹង ភាពខ្លាំង រឹងមាំ និងបទបែន ដោយក្នុងនាមអ្នកដឹកនាំត្រូវធានាធ្វើឱ្យយ៉ាងណាសេវាមិនមានភាពយឺតយ៉ាវ អាក់ខាន ការដាច់ខ្សែចង្វាក់ ហើយត្រូវធ្វើការក្នុងវប្បធម៌ជោគជ័យ មានវិន័យច្បាស់លាស់ និង ការទទួលខុសត្រូវខ្ពស់។ ទី២) អនុសាសន៍ផ្តាំផ្ញើ និងលើកទឹកចិត្តជំរុញ កាន់តែទទួលបានសមិទ្ធផលល្អ ដើម្បីវឌ្ឍនភាពទៅមុខទៀត ដោយដឹកនាំ មិនត្រូវចេះតែគ្រប់គ្រង ត្រូវទាញមានការសហការចូលរួមពីសហភារតៈទាំងអស់ ដោយផ្សារភ្ជាប់ជា មួយអង្គតែមួយ ត្រូវមានចក្ខុវិស័យច្បាស់លាស់ ធ្វើឱ្យយ៉ាងណាដើម្បីសុខុមាភាពប្រជាជន និងគ្រប់អ្នកដឹកនាំ ចាប់ផ្តើមភារកិច្ចថ្មី ត្រូវបន្ថែមលើប្រវត្តិថ្មី បន្ថែមប្រវត្តិការងារចាស់ ដែលជាការចងចាំ ដល់អ្នកជំនាន់ក្រោយ ៕

To Top