ព័ត៌មានជាតិ

អាជ្ញាធរមីនកម្ពុជា ចង់ឃើញបារាំង ចូលរួមគាំទ្រឡើងវិញ នៅសកម្មភាព បោសសម្អាតមីន មនុស្សធម៌ នៅកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Olivier RICHARD ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការអាជ្ញាធរមីន ខណៈលោកទេសរដ្ឋមន្ដ្រី ចង់ឃើញបារាំងចូលរួមគាំទ្រឡើងវិញ នៅសកម្មភាពបោសសម្អាតមីន មនុស្សធម៌ នៅកម្ពុជា។

តាងនាមឱ្យ រាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្ត មិត្តភាពជិតស្និទ្ធ កិច្ចសហប្រតិបត្តិការល្អ និងដៃគូយូរអង្វែង រវាងប្រទេសនិងប្រជាជនទាំងពីរ កម្ពុជា-បារាំង ព្រមទាំងថ្លែងអំណរគុណ ដល់សាធារណរដ្ឋបារាំង ដែលបានចូលរួម ដល់ដំណើរការស្វែងរកសន្តិភាព និងគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។

ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន លោក លី ធុជ បានលើកឡើងថា បារាំង ធ្លាប់បានផ្តល់នូវការបណ្តុះបណ្តាល ដល់នាយទាហានកម្ពុជា ក្នុងការងារបោសសម្អាតមីន មនុស្សធម៌ ក្នុងអំឡុងពេលសម័យ UNTAC។ ចាប់ពីឆ្នាំ២០០៩ បារាំង បានផ្តល់នូវជំនួយឧបត្ថម្ភដល់វគ្គហ្វឹកហ្វឺន និងបំពាក់សម្ភារៈដល់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា សម្រាប់បំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។

ជាមួយគ្នានោះផងដែរ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោក លី ធុជ បានថ្លែងអំណរគុណ ដល់ប្រទេសបារាំង ដែលធ្លាប់បានចូលរួមគាំទ្រ សកម្មភាពបោសសម្អាតមីនមនុស្សធម៌ កន្លងទៅនេះ តាមរយៈគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី២ ជាពិសេសគាំទ្រ ដល់ការបោសសម្អាតមីន នៅតាមទីតាំងបុរាណវត្ថុក្នុងខេត្តសៀមរាប ដើម្បីគាំទ្រដល់អាជ្ញាធរជាតិអប្សរា។

ទន្ទឹមនឹងនោះ លោក ទេសរដ្ឋមន្រ្តី លី ធុជ ចង់ឃើញប្រទេសបារាំង ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាឡើងវិញ ដើម្បីគាំទ្រដល់សកម្មភាពមីន មនុស្សធម៌នៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី ក៏ថ្លែងអំណរគុណដល់ប្រទេសបារាំង ដែលបានគាំទ្រដល់ភាពជាប្រធាន និងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋភាគីលើកទី១១ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ឆ្នាំ២០១១ និងអរគុណដែលបារាំងឈរជាមួយកម្ពុជាក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤។

ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ លោក លី ធុជ បានគូសបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងគោរពលើច្បាប់អន្តរជាតិ ដែលមានជាធរមាន ជាពិសេសចង់ប្រែក្លាយតំបន់ព្រំដែន ជាតំបន់សន្តិភាព ។

លោក Olivier RICHARD ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានកោតសរសើរ ចំពោះសមិទ្ធផលសម្រេចបាន របស់រាជរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែង បោសសម្អាតមីន អស់រយៈពេលជាង ៣ទសវត្សរ៍ ។ ជាការឆ្លើយតបនឹងសំណើ សម្រាប់ការចូលរួមដល់សកម្មភាពមីនមនុស្សធម៌ឡើងវិញ ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នឹងរាយការណ៍ទៅកាន់រដ្ឋាភិបាលបារាំង ដើម្បីពិចារណា។

ជាមួយគ្នានោះ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន កម្ពុជា-ថៃ លោក Olivier RICHARD គាំទ្រឱ្យមានសន្តិភាពរវាងប្រទេសកម្ពុជា-ថៃ និងបន្តដោះស្រាយជម្លោះដោយសន្តិវិធី ៕

To Top