សាស្ត្រាចារ្យ ឈាង រ៉ា ៖ អ្នកដាក់ថ្នាំសណ្តំ ជាសសរគ្រឹះនៃជីវិត និងជាវីរជន បិទមុខជួយអ្នកជំងឺ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា អ្នកដាក់ថ្នាំសណ្តំ គឺជាសសរគ្រឹះនៃជីវិត និងជាវីរជនបិទមុខដែលបានជួយអ្នកជំងឺរស់រានមានជីវិត ហើយជាអ្នករក្សាសន្តិសុខ សុខភាពអ្នកជំងឺ និងបំពេញភារកិច្ចដោយស្ងប់ស្ងាត់។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសន្និសីទប្រចាំឆ្នាំលើកទី២៩ របស់សមាគមសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា និងលើកទី២២ របស់សមាគមគិលានុបដ្ឋាកឯកទេសសណ្តំ និងសង្គ្រោះបន្ទាន់កម្ពុជាក្រោមប្រធានបទ៖ «ការងារពហុជំនាញប្រកបដោយនវានុវត្តន៍ ដើម្បីការធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា» កាលពីថ្ងៃ១១ តុលា សាស្ត្រាចារ្យ ឈាង រ៉ាបានថ្លែងថា សន្និសីទនេះ ក្នុងគោលបំណង ដើម្បីជួបជុំគ្នារវាងអ្នកជំនាញ និងអ្នកវិជ្ជាជីវៈសុខាភិបាល ដោយយកចំណេះដឹង មកចែករំលែក ទៅអនុវត្តការងារប្រចាំថ្ងៃដោយសុក្រិត្យភាព ផ្តល់ជាប្រយោជន៍ធំធេង ក្នុងការព្យាបាលអ្នកជំងឺ។ តាមរយៈសន្និសីទនេះ បានបញ្ជាក់ឱ្យឃើញនូវការខិតខំប្រឹងប្រែង ព្យាយាម និងការលះបង់ ប្រកបដោយសាមគ្គីភាពរឹងមាំ ជាមួយនឹងជំហរស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់ និងទទួលចំណេះដឹងថ្មីៗ ដើម្បីបង្កើនសមត្ថភាព ជំនាញវិជ្ជាជីវៈបន្ថែមទៀត ដល់សហភាតរៈ រួមជំនាញទាំងផ្នែកសាធារណៈ និងឯកជន ដែលជាដៃគូបំពេញឱ្យគ្នា ព្រមទាំងដល់ប្អូនៗ និស្សិតឯកទេសជំនាន់ ក្រោយៗទៀត។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចពីសារៈសំខាន់នៃប្រធានបទថ្ងៃនេះ គឺតម្រូវឱ្យបុគ្គលម្នាក់ៗ ទាំងវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក គិលានុបដ្ឋាយិកា ត្រូវបន្តការអភិវឌ្ឍនូវចំណេះដឹងជំនាញ បង្កើនសមត្ថភាពវិជ្ជាជីវៈជាមួយនឹងការទំនាក់ទំនងល្អ ធ្វើការងារជាក្រុម មានភាពរវៀសរវៃ គិតទុកជាមុន នូវស្ថានភាពដែលអាចកើតមានឡើង ដើម្បីយើងបានត្រៀមទុកជាស្រេច នូវដំណោះស្រាយទាន់ពេលវេលា ក្នុងករណីចាំបាច់។

សាស្រ្តាចារ្យ បានលើកឡើងពីតួនាទីដ៏សំខាន់របស់បុគ្គលិកសុខាភិបាលម្នាក់ៗថា ត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ ប្រកបដោយសុច្ឆន្ទៈ មោះមុត ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីជាការផ្តល់នូវតម្លៃ ទំនុកចិត្តដល់ក្រុមការងារ អ្នកជំងឺ និងក្រុមគ្រួសារ ។

ឆ្លៀតក្នុងឱកាសនេះ សាស្ត្រាចារ្យរដ្ឋមន្រ្តី ផ្តល់នូវអនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមទាំងពីរ បន្តរួបរួមសាមគ្គីគ្នា និងបន្តអនុវត្ត នូវការកសាងសមត្ថភាពជំនាញបន្ថែម បន្តការរៀបចំវគ្គបណ្តុះបណ្តាល និងផលិតគ្រូបង្គោលឱ្យបានកាន់តែច្រើន រួមគ្នាបង្កើនធនធាន មនុស្សឱ្យបានច្រើន , ត្រូវគោរពនិយាមក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន , អ្នកដាក់ថ្នាំសណ្តំ ត្រូវកំណត់ឱ្យបានច្បាស់ ហើយត្រូវមានវិន័យ ហើយស្ថិតនៅផ្លូវបំបែកទាំងបច្ចេកវិទ្យា និងគុណធម៌ ហើយត្រូវគោរពអ្នកជំងឺ គ្រប់ពេលដែលត្រូវដាក់ថ្នាំសណ្តំ , អ្នកដាក់ថ្នាំសណ្តំ ត្រូវឈរលើគុណភាព ឈរលើការប្រតិបត្តិ សាមគ្គី ប្រុងប្រយ័ត្ន ហ្មត់ច្មត់ និងបណ្តុះបណ្តាលជាបន្ត។ បើគ្មានសណ្តំនិងប្រពោធកម្មល្អទេ គ្មានការវះកាត់មួយដែរល្អដែរ , ត្រូវខិតខំធ្វើយ៉ាងណា លើកកម្ពស់ការងារសណ្តំ សង្រ្គោះបន្ទាន់ ប្រពោធកម្មឱ្យកាន់តែប្រសើរឡើង ហើយត្រូវកសាងអ្នកជំនាញជំនាន់ថ្មី ដើម្បីឱ្យទទួលបានការ ជំនឿទុកចិត្តពីប្រជាពលរដ្ឋ ៕






